Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: តុលាការក្រុងភ្នំពេញ៖ ស្ថាបនិកនិងសមាជិកពេញសិទ្ធ រួមទាំងបណ្តាញខ្សែរយៈទាំងក្នុងនិងក្រៅប្រទេស នៃចលនាសង្រ្គោះជាតិដែលជាចលនាខុសច្បាប់ កំពុងស្ថិតក្រោមការស៊ើបអង្កេត

16-02-2018 17:20

(ភ្នំពេញ)៖ ក្រោយពីទទួលបាននូវពាក្យបណ្តឹងពីក្រសួងមហាផ្ទៃដែលបានដាក់ពាក្យប្តឹងស្ថាបនិកនិងសមាជិកពេញសិទ្ធ រួមទាំងបណ្តាញខ្សែរយៈទាំងក្នុងនិងក្រៅប្រទេស នៃចលនាសង្រ្គោះជាតិដែលបំពានច្បាប់, នៅពេលនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននឹងកំពុងស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងក្តៅគគុក លើករណីចលនាសង្រ្គោះជាតិដែលមានចេតនាបំផ្លាញប្រទេសជាតិមួយនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយៈទូរសព្ទ័ដើម្បីបញ្ជាក់ព័តមានដែលទទួលបានជុំវិញបុគ្គលដែលតុលាការកំពុងស៊ើបអង្កេតនេះ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ស្ថាបនិក និងសមាជិកពេញសិទ្ធនៃចលនាសង្រ្គោះជាតិ ត្រូវបានតុលាការកំពុងស៊ើបអង្កេត និងចាត់វិធានការណ៍យ៉ាងតឹងរឹងបំផុត ដែលក្នុងនោះស្ថាបនិក និងសមាជិកពេញសិទ្ធ នៃចលនាសង្រ្គោះជាតិរួមមាន៖ ទណ្ឌិត សម រង្ស៊ី ជាប្រធាន, លោក សុខា លី ជាអនុប្រធាន, លោក រី គា ជាអគ្គលេខាធិការ, លោក អូន ឈឹម, លោក សៀ ភារម្យ, លោក សូរី ប៉ុន និងបុគ្គលមួយចំនួនទៀត ព្រមទាំងអតីតសមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនរួមមាន៖ លោកស្រី ជូឡុង ស៊ូមួរ៉ា, លោក ហូរ វ៉ាន់, លោក តុប វ៉ាន់ចាន់, លោក នុត រំដួល និងបុគ្គលមួយចំនួនដែលជាប់ពាក់ពន្ធ័ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ និងស្ថាប័នមានសមត្ថកិច្ចផងដែរ។

សូមបញ្ជាក់ថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក៕