(ភ្នំពេញ)៖ ក្រោយបញ្ជាយ៉ាងដាច់ណាត់ពី នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នោះក្នុងរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្ដធុនធ្ងន់សរុបចំនួន ១៥,៥៦៥គ្រឿង ត្រួវបានសមត្ថកិច្ចត្រួតពិនិត្យនៅទូទាំងប្រទេស ក្នុងនោះរកឃើញថា បានកែច្នៃតទ្រុង ខុសលក្ខណៈបច្ចេកទេស ចំនួន១,០៩៣គ្រឿង។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមរថយន្ដល្មើសច្បាប់ទាំង ១,០៩៣គ្រឿង ក្នុងនោះមានរថយន្ដចំនួន៥៩៨គ្រឿង ត្រូវបានកាត់ទ្រុងចោលនៅនឹងកន្លែង, ០៨គ្រឿងកាត់ដោយខ្លួនឯង, ១២៥គ្រឿង ដោះរានក្រោយរថយន្ដ, ៤៤គ្រឿងរក្សាទុកតាមគោលដៅ និង៣១៨គ្រឿង រថយន្ដល្មើសឯកសារ។
សូមជម្រាបថា បន្ទាប់ពីឃើញហានិភ័យ នៃគ្រោះថ្នាក់ចរាចរលើដងវិថី និងការបំផ្លាញផ្លូវមកពីការដឹកលើសទម្ងន់ របស់រថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេសនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាជាថ្មី ឲ្យចាត់វិធានការដ៏តឹងរឹងបំផុត ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសទាំងនេះ។
ក្រោយបទបញ្ជានេះ មន្ត្រីគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី-ខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ចាប់កាត់រថយន្តតទ្រុងខុសបច្ចេកទេសទាំងនោះ ហើយក៏មានម្ចាស់រថយន្តខ្លះ បានយករថយន្តទៅកាន់ទ្រុងដោយខ្លួនឯងផងដែរ៕