(ភ្នំពេញ)៖ របាយការណ៍ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទនៅកម្ពុជា បានថយចុះជិត៧ភាគរយនៅឆ្នាំ២០១៧ ធ្លាក់ពីចំនួនជិត២០លានស៊ីម នៅឆ្នាំ២០១៦ មកនៅត្រឹមជាង១៨លានស៊ីមកាតប៉ុណ្ណោះ ខណៈដែលចំនួនប្រជាពលរដ្ឋខ្មែរមានត្រឹមតែជាង១៥លាននាក់។
របាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៧ ចំនួនស៊ីមកាតទូរស័ព្ទចល័ត ដែលបានជួលជាវយកទៅប្រើប្រាស់១៨,៥៧២,៩៧៣ ស៊ីមកាត ត្រូវនឹង១១៧.១៩% នៃប្រជាជនសរុប១៥,៨៤៨,៤៩៥នាក់ ថយចុះប្រមាណ៦.៧៤% បើធៀបទៅនឹងសិ្ថតិឆ្នាំ២០១៦ ដែលមានរហូតដល់ ១៩,៩១៥,៥០៣ ស៊ីមកាត។
និយ័តករទូរគមនាគមន៍បានបញ្ជាក់ថា «ការថយចុះនេះ បណ្តាលមកពីទីផ្សារឆ្អែត និងការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីទូរគមនាគមន៍ ក្នុងការគ្រប់គ្រងការចុះឈ្មោះជួលជាវស៊ីមកាត»។
របាយការណ៍បន្តថា ចំនួនអ្នកជួលជាវបណ្តាញទូរស័ព្ទអចល័ត (មានខ្សែ និងឥតមានខ្សែ) មានចំនួន ១៣២,៩១១ខ្សែ ត្រូវនឹង០.៨៤% នៃប្រជាជនសរុប ថយចុះប្រមាណ៤១.៥១% បើធៀបនឹងស្ថិតិឆ្នាំ២០១៦ មានរហូតដល់ ២២៧,២៦១ ខ្សែ។
ការថយចុះនេះ ត្រូវបាននិយ័តករអះអាងថា បណ្តាលមកពីនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាចល័ត និងការរីកដុះដាលខ្លាំង នៃបច្ចេកវិទ្យាឧបករណ៍ស្មាតរបស់អ្នកប្រើប្រាស់ ទូទាំងសកលលោក។
របាយការណ៍របស់និយ័តករបានបន្ថែមទៀតថា សម្រាប់ចំនួនស៊ីមកាតទូរស័ព្ទចល័ត ដែលបានភ្ជាប់បណ្តាញអ៊ីនធឺណិត (ឬអ៊ីនធឺណិតចល័ត) មានចំនួន ១០,៧០៣,០៥៦ ស៊ីមកាត ត្រូវនឹង ៦៧.១៩% នៃប្រជាជនសរុប និងមានកំណើនកើនឡើងរហូត ៣៣.៧៧% បើធៀបនឹងស្ថិតិឆ្នាំ២០១៦។
ចំពោះចំនួនអ្នកជួលជាវ បណ្តាញអ៊ីនធឺណិតអចល័ត (មានខ្សែ និងឥតប្រើប្រាស់ខ្សែ) មានចំនួន១៣៨,៦៧២ខ្សែ ត្រូវនឹង០.៨៧% នៃប្រជាជនសរុប និងមានកំណើនកើនឡើង៤១.០៧% បើធៀបជាមួយស្ថិតិឆ្នាំ២០១៦។
និយ័តករទូរគមនាគមន៍កម្ពុជា បានគត់សំគាល់ឃើញថា កំណើននៃការប្រើប្រាស់អ៊ីនធឺណិត មានសន្ទុះខ្លាំង គឺមកពីរាជរដ្ឋាភិបាលមានផែនការយុទ្ធសាស្រ្ត និងដាក់ចេញនូវគោលនយោបាយ វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ច្បាស់លាស់និងត្រឹមត្រូវ មានការចូលអភិវឌ្ឍន៍ពីវិស័យឯកជន តាមរយៈការលើកទឹកចិត្តពី រាជរដ្ឋាភិបាលលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រាប់ទ្រទ្រង់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការរីកចម្រើននៃបច្ចេកវិទ្យា OTT និងការធ្វើទំនើបកម្មឧបករណ៍ស្មាត ព្រមទាំងការរីកដុះដាល នៃតំបន់សេវាទូរគមនាគមន៍ចល័ត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ IP តាមរយៈខ្សែកាប្លិ៍អុបទិក ក្នុងប្រទេស-អន្តរជាតិក្រោមបាតសមុទ្រនៅកម្ពុជា អាចទាក់ទាញដល់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតបន្ថែមទៀត ជាងការប្រើប្រាស់សេវាសំឡេង។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានប្រតិបត្តិករ (ក្រុមហ៊ុន) ទូរស័ព្ទចល័តចំនួន៧ក្រុមហ៊ុន, ប្រតិបត្តិករអចល័តចំនួន៨ក្រុមហ៊ុន, ប្រតិបត្តករអ៊ីនធីណិតចល័ត៧ក្រុមហ៊ុន និងប្រតិបត្តិករអ៊ីនធឺណិតអចល័តចំនួន៣៤ក្រុមហ៊ុន៕