(ភ្នំពេញ)៖ នេះជាជំនាន់ទី៤ហើយ ដែលក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់ឱកាសដល់សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាលសាមសុង Tech Institute។
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តោតសំខាន់ខ្ពស់ ទៅលើវិស័យអប់រំ និងបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភបរិក្ខារសិក្សាផ្សេងៗ ដល់សិស្សនិស្សិត ដើម្បីប្រើប្រាស់ ក្នុងពេលកំពុងសិក្សាផងដែរ។
លោក ជា ចាន់ណា ដែលជាអតីតនិស្សិត នៃវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងបច្ចុប្បន្ន ជាអ្នកហាត់ការនៅក្រុមហ៊ុនសាមសុង ជំនាញបរិក្ខារអេឡិចត្រូនិច បានលើកឡើងថា «បន្ទាប់ពីខ្ញុំទទួលបានបទពិសោធន៍ជាច្រើន ពីក្រុមហ៊ុនសាមសុង នៅថ្ងៃអនាគតខ្ញុំគិតថា ខ្ញុំនឹងអាចមានឱកាសការងារ និងលទ្ធភាពជាច្រើន ដើម្បីបង្កើតជាមុខរបរនៅថ្ងៃអនាគត ដូចជាបើកកន្លែងជួសជុលគ្រឿងបន្លាស់ អេទ្បិចត្រូនិកដោយខ្លួនឯងជាដើម»។
គូសបញ្ជាក់ផងដែរថា នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់ នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សា ដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន៨នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារ ពីក្រុមហ៊ុនសាមសុង និងបណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើនទៀត របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្កើតឱកាសការងារជាច្រើន ជូនដល់ប្រជាជនកម្ពុជា ឲ្យស្របទៅនឹងតម្រូវការដ៏ខ្ពស់ ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត៕