(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំង អាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្រួបសម្រួល ដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ជំរិតតាមប្រព័ន្ធ Internet ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាជនជាតិថៃនិងចិនតៃវ៉ាន់ និងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងជនជាតិថៃម្នាក់ និងជនជាតិចិនតៃវ៉ាន់២នាក់ ដែលពួកគេពាក់ព័ន្ធការចាប់ជំរិតជនជាតិថៃ ដោយដើរតួភូតកុហសជាសមត្ថកិច្ច។
លោកឧត្តមសេនីយ៍បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន ដូចជាលុយកាក់ ឧបករណ៍បម្រើដល់ការចាប់ជំរិត និងវត្ថុតាងមួយចំនួនទៀត។
លោកបន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិតនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ សៅ សុខា និងការចូលរួមពីសមត្ថកិច្ចរបស់ថៃ ដែលជាអ្នកដាក់ពាក្យបណ្តឹងផងដែរ៕