(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង តារាចម្រៀង និងពិធីករ ពិធីការិនីល្បីៗ ជាច្រើនដួង ក្នុងមានកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ផងនោះ ដែលបានចេញដំណើរ ទៅសម្ដែងនៅប្រទេសកូរ៉េ ដើម្បីស្វែងរកមូលនិធិជួយដល់ជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តារាចម្រៀងលំដាប់យុវវ័យ៣ដួងទៀត មានដូចជា មាស សុខសោភា, លោក ខេម របស់ផលិតកម្មថោន និងតារាមុខឃ្យូដៗកញ្ញា យូរី ក៏បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកូរ៉េ តាមក្រោយបន្ថែមទៀត ដើម្បីបានចូលរួមសម្តែងនៅទីនោះ ជូនប្រជាពលករនៅប្រទេសកូរ៉េ បានទស្សនា ខណៈដែលអាកាសធាតុ នៅក្នុងប្រទេសកូរ៉េ នៅពេលនេះ គឺកំពុងតែត្រជាក់ខ្លាំង។
ក្នុងចំណោតារាល្បីៗទាំង៣ដួងលោក ខេម បានថ្លែងឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលលោកបានចាកចេញទៅសម្តែង នៅប្រទេសកូរ៉េ ដោយលើកនេះប្លែក ដោយសារតែតារាទៅសម្តែងសុទ្ធតែអ្នកល្បីៗ មានទាំងអ្នកចម្រៀងមានទាំងពិធីករ ក្រោមការរៀបចំពីលោក ឡេង ណាវ៉ាត្រា សហការសម្របសម្រួលពីលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា។ នេះអាចចាត់ទុកថា ជាកម្មវិធីធំ ព្រោះស្របពេលចូលឆ្នាំចិនផង រឹតតែបង្កើនកម្មវិធីឲ្យកក្រើកបន្ថែមទៀត។
តាមការឲ្យដឹងពីអ្នកដឹកនាំតារាខ្មែរ ទៅកាន់ប្រទេសកូរ៉េបានបញ្ជាក់ថា តារាចម្រៀង ដែលបានចេញដំណើរទៅសម្ដែងមួយក្រុមមុននោះ កំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ពលករខ្មែរ នៅប្រទេសកូរ៉េ ដោយមានអ្នកចូលទស្សនា យ៉ាងច្រើនកុះករ ស្ទើរតែរកកន្លែងអង្គុយគ្មាន។ នេះអាចចាត់ទុកថា ជាជោគជ័យថ្មីមួយទៀត ក្នុងការនាំយកតារាចម្រៀងខ្មែរ ទៅសម្ដែងលើទឹកដីនៃប្រទេសកូរ៉េ បើទោះបីជាការសម្ដែងស្ថិតក្នុង ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ក៏មានអ្នកចូលរួមទស្សនាច្រើន ស្ទើរមិនគួឲ្យជឿ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ មានតារាចម្រៀង តារាសម្ដែង និងពិធីករ ពិធីការិនី ល្បីៗជាច្រើនដួង មានដូចជាលោក ខេមរៈ សិរីមន្ត, លោក ខេម, អ្នកនាង មាស សុខសោភា, កញ្ញា យូរី, លោក ប៉ែន ចំរ៉ុង, លោក គុយ លី, លោក vj អាឡាស្កូ និង អ្នកនាង ចន ចន្ទ័លក្ខិណា ជាដើម បានចេញទៅសម្ដែង នៅលើទឹកដីប្រទេសកូរ៉េ ក្នុងគោលបំណងស្វែងរកមូលនិធិ ជួយដល់ជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ខណៈដែលការសម្ដែងនេះ មានរយៈពេល៥ថ្ងៃ និងមានចំនួន២ទីតាំង ផ្សេងៗគ្នា។
ការប្រគំតន្ត្រីខាងលើ ត្រូវបានគេដឹងថា បានធ្វើការរៀបចំឡើងដោយតារាចម្រៀង និងជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ ហើយទើបតែទទួលងារជាឧកញ៉ាថ្មីៗនេះ គឺលោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម «Galaxy» ដោយគម្រោងនៃការចំណាយលើការប្រគំតន្ត្រីនេះ គឺមានរហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ។
លោក ឡេង ណាវ៉ាត្រា បានថ្លែងឲ្យដឹងថា កម្មវិធីនាំតារាខ្មែរ ទៅសម្ដែងនៅប្រទេសកូរ៉េលើកនេះ គឺក្នុងគោលបំណង ដើម្បីធ្វើមូលនិធិរសប្បុរសធម៌ ជួយដល់ជនក្រីក្រនៅកម្ពុជា និងឆ្លៀតផ្សព្វផ្សាយជំនួញដី និងផ្ទះរបស់លោក ដល់បងប្អូនពលករខ្មែរ ដែលកំពុងបម្រើការងារនៅទីនោះផងដែរ។
លោក ឡេង ណាវ៉ាត្រា បានបន្តថា ជាមួយគ្នានេះ ការនាំតារាខ្មែរ ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េនេះ ក៏ដើម្បីអបអរឱកាសបុណ្យជាតិ របស់ប្រទេសកូរ៉េផងដែរ ហើយប្រសិនបើទទួលបានការគាំទ្រច្រើន និងមានជោគជ័យនោះ គឺលោកនឹងមានគម្រោងនាំតារាខ្មែរ ទៅបន្ថែមជាច្រើនទៀត៕