(ភ្នំពេញ)៖ ផលិតកម្ម C-Star បានបញ្ចេញស្នាដៃដំបូងរបស់ខ្លួន មានចំណងជើងថា «ប៊ីអាយជី និងខ្មោចយក្សធំ» ដែលជាភាពយន្តខ្នាតធំ ត្រូវបានសម្រិតសម្រាំងយ៉ាពិសេស ពីផលិតករ ដោយបានធ្វើពិធីបើកសម្ពោធ កាលពីល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ នេះ នៅរោងកុន Prime Cineplex ស្ថិតក្នុងផ្សារទំនើបសុវណ្ណា ខណៈដែលស្នាដៃនេះ ត្រូវបញ្ចាំងជាផ្លូវការថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៨ តទៅនារោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។
នៅក្នុងរឿង «ប៊ីអាយជី និងខ្មោចយក្សធំ» របស់ផលិតកម្ម ស៊ីស្តារ បានសម្រេចជ្រើសយកតួសម្តែងក្នុងរឿង ដែលមានដូចជា អ្នកនាង សុខ សោម៉ាវត្តី តួឯកស្រី, លោក ឈី រដ្ឋា តួឯកប្រុស, នាយក្រូច, នាង អ៊ីត, លោក BIG និងតារាប្រុសស្រីជាច្រើនរូបទៀត។
តារាកំប្លែង នាយក្រូច ជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ បានបង្ហាញចំណាប់អារម្មណ៍ថា លោកមានការរីករាយ ដែលស្នាដៃដំបូងរបស់ផលិតកម្មស៊ីស្តា បានផុសឡើង។ លោកបន្តថា រឿង «ប៊ីអាយជី និងខ្មោចយក្សធំ» គឺសិល្បករតស៊ូថតណាស់បាយទឹករួមគ្នា ពោលរឿងនេះបានផ្តល់នូវអនុស្សាវរីយ៍ជាច្រើន សម្រាប់ផលិតករ និងក្រុមការងារទាំងអស់ និងក៏បានផ្ដល់នូវបទពិសោធជាច្រើន ដល់គ្នាទៅវិញទៅមក ផងដែរ។
ចាងហ្វាងផលិតកម្ម ស៊ីស្តា លោក ឈី រដ្ឋា បានឲ្យដឹងថា នេះជាស្នាដៃលើកទី១ របស់ផលិតកម្ម C-Star ដែលបានពាំនាំសាច់រឿងបែបកំប្លែង ជូនប្រិយមិត្តគាំទ្រស្នាដៃ ផលិតកម្មរបស់យើង។ ក្រោមការយកចិត្តទុកដាក់ខិតខំទាំងអស់គ្នា គឺពេលនេះបានសម្រេចលទ្ធផលជាផ្លូវការហើយ ដោយស្នាដៃដំបូងនេះ ក៏ជាបទពិសោធន៍មួយសម្រាប់ ខាងក្រុមការងារផលិតកម្ម។
យ៉ាងណាមិញ លោករំពឹងថា បងប្អូនទស្សនិកជន នឹងចូលរួមគាំទ្រ ដើម្បីបានចូលរួមជាកម្លាំងចិត្ត ហើយផ្តល់ជាមតិរិះគន់កែលម្អ ដើម្បីបានសាងភាពយន្តខ្មែរថ្មីៗ បន្ថែមទៀត ក្នុងន័យលើកមុខមាត់ វិស័យសិល្បៈភាពយន្តខ្មែរ របស់យើងទាំងអស់គ្នា៕