(ព្រះសីហនុ)៖ រថយន្ដក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកមនុស្សស្លាប់ទាំងព្រឹកព្រលឹម ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ២០៤-២០៥ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ដដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ពាក់ផ្លាកលេខ ភ្នំពេញ 3A-5017 បានបុកអ្នកថ្មើរជើងម្នាក់ស្លាប់ ឈ្មោះ ហង្ស សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកតែរថយន្ដ និងអ្នកធ្វើដំណើរក្នុងតែប៉ុណ្ណោះ។
ក្រោយកើតហេតុ រថយន្តបង្កត្រូវបាននគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្ត៕