(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៨នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២កើត, ៣កើត និង៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦, ១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយពិធីសែនព្រេន ត្រូវប្រារព្ធឡើងនៅថ្ងៃ១កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននេះ បណ្តាញព័ត៌មាន Frehs News សូមលើកយកនូវប្រវត្តិសង្ខេប នៃបុណ្យចូលឆ្នាំចិន ជូនប្រិយមិត្តអ្នកអាន បានស្វែងយល់ដូចខាងក្រោម៖
បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើងនៅ ពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិនថ្មីរបស់ប្រទេសចិន។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។
ម្យ៉ាងវិញទៀត ដោយសារតែប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ សំដៅទៅលើបុណ្យព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើងមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើពិធីបង្ហោះគោម។
ដោយសារវាមានរយៈពេលរហូតដល់១៥ថ្ងៃ ធ្វើឲ្យពិធីបុណ្យនេះជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេ ក្នុងចំណោមពិធីបុណ្យនានា នៅក្នុងប្រតិទិនរបស់ជនជាតិចិន។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។
ដោយចូលឆ្នាំចិននៅឆ្នាំ២០១៨នេះ ធ្វើឡើងនៅថ្ងៃទី១៦-១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើងនៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។
ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជាបុណ្យ ឈប់សម្រាកដ៏សំខាន់មួយសម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេសជិតខាងផងដែរ។
សម្រាប់ជនជាតិចិន បុណ្យចូលឆ្នាំជាឱកាសពិសេសសម្រាប់ក្រុមគ្រួសារ ក្នុងការជួបជុំដើម្បីបរិភោគអាហារ រួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញរឿងមិនល្អ និងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វា គេតែងតែតុបតែងលំអជាមួយនឹងក្រដាស ឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។
ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយម ធ្វើនៅថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬចំណីអាហារដល់គ្នាទៅវិញទៅមក។ តាមរយៈការលើកឡើង របស់បងប្អូនជនជាតិចិន បានបញ្ជាក់ថា «ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃ កាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំ នឹងនាំឲ្យលាភហូរចូលគ្រួសារ របស់ពួកគេកាន់តែច្រើនដូចគ្នា»។
យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។
នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។
គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។
នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕