(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន៣ មិនបានធ្វើសម្មភាពឃោសនាបោះឆ្នោតទេ សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
បើតាម គ.ជ.ប បានឲ្យដឹងថា គណបក្សទាំង៣ ដែលមិនបានធ្វើសកម្មភាពឃោសនា គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ លើសពីនេះទៀត គ្មានគណបក្សនយោបាយណាមួយហែរក្បួនឃោសនាបោះឆ្នោតទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំ ផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយពីសារនយោបាយនៅតាមទីស្នាក់ការរបស់គណបក្សទូទាំងប្រទេស។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៦ថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានហិង្សា និងគ្មានបណ្តឹងណាមួយនោះទេ៕