(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រមទាំងសហការី តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៤០,០០៥,០០០លានរៀល ទៅជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ចន សុភា អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បាននាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខ របស់នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារឲ្យបានល្អ បើទោះបីជាការបាត់បង់ លោកអនុសេនីយ៍ឯក ចន សុភា ដែលជាឪពុកដ៏ល្អ ប្តីដ៏ល្អ សម្រាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក្រុមគ្រួសារត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវដើម្បីសេចក្តីរីកចម្រើន របស់ក្រុមគ្រួសារទាំងមូល។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី ខេត្ត ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា។
សូមជម្រាបថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ នាយឧត្តមសេនីយ៍ សៅ សុខា និងក្រោមការយកចិត្តទុកដាក់ផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលលោកទាំងពីរ តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូនកងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាក៕