(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ថា នៅពេលនេះសមត្ថកិច្ច បានរកឃើញភស្តុតាងថ្មីបន្ថែមទៀតក្រៅពីរូបភាព និងវីដេអូរបស់លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងកុំព្យូទ័ររបស់លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វើឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលជាការប្រព្រឹត្តរបស់អ្នកទាំងពីរនេះគឺប្រាកដណាស់ជាប់នៅក្នុងបទល្មើស ខុសពីការលើកឡើងរបស់ស្ថាប័នព័ត៌មានមួយចំនួន ក៏ដូចជាបណ្តាអង្គការ ដែលបានចោទប្រកាន់ទាំងព្រហើនមកដល់កម្លាំងសមត្ថកិច្ច និងរាជរដ្ឋាភិបាលថាប្រឌិតរឿងនេះ ដើម្បីគាបសង្កាត់ និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។ នាយឧត្តមសេនីយ៍ ប្រកាសសូមទាត់ចោលទាំងស្រុងចំពោះក្រុមព័ត៌មានមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំង ព្យាយាមការពារជនដែល បានប្រព្រឹត្តបទល្មើសខុសច្បាប់របស់កម្ពុជា ដែលជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបនេះ។ លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនៅមានភស្តុតាងយ៉ាងច្រើនអនេកទៀត។
ការប្រតិកម្មធ្ងន់ៗរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញផ្សាយថា អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប ត្រូវបានតុលាការឃុំខ្លួនរយៈពេលបីខែហើយ។ លោក អ៊ួន ឈិន អតីតផលិតករវីដេអូ និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា អតីតនិពន្ធនាយកអាស៊ីសេរី ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ដោយគ្មានមូលដ្ឋានពីបទបទផលិតព័ត៌មានដែលអាចប៉ះពាល់សន្តិសុខជាតិ បញ្ជូនមកសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា អតីតបុគ្គលិកអាស៊ីសេរី២រូបគឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិដែលបង្កឱ្យមាន ការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹងការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ រូបភាពខាងក្រោមដែលអង្គភាព Fresh News ទទួលបានពីសមត្ថកិច្ច៖