(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយដែលប្រជាជនចិនទំាងក្នុង និងក្រៅប្រទេសទូទំាងពិភពលោក មានសេចក្ដីអំណរសាទរីករាយជាទីបំផុត ក្នុងការប្រារព្វពិធីទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្លួន។ ដោយទ្បែកនៅកម្ពុជាក៏មានបងប្អូនចិន ឬខ្មែរកាត់ចិនបានរៀបចំពិធីនេះយ៉ាងអធិកអធមផងដែរ។ ហើយទន្ទឹមនិងនេះចំពោះពិធីបុណ្យនេះក៏ មានទស្សនៈពីរផងដែរបានលើកទ្បើងថា៖ទីមួយ៖ ពិធីបុណ្យនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណីវប្បធម៌ខ្មែរ នឹងទីពីរ៖ ពិធីបុណ្យនេះពុំបានបង្កផលប៉ះពាល់ ដល់ប្រពៃណីវប្បធម៌ខ្មែរនោះទេ។
បើហេតុនេះតើបុណ្យចូលឆ្នាំចិន បានបង្កផលប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរឬទេ?
ឆ្លើយតបនិងបញ្ហានេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានអះអាងថា បើនិយាយអំពីប្រពៃណីទំនាក់ទំនងរវាងខ្មែរ និងចិន គឺមានតំាងពីសម័យបុរាណកាលមកម៉្លេះ។ បានន័យថា បើនិយាយពីអារ្យធម៌គឺខ្មែរយើងបានទទួលឥទ្ធិពលអារ្យធម៌ពីរធំៗយ៉ាងស្អិតរមួតជាអាទិ៍៖ ទីមួយ៖ ឥណ្ឌាគឺខ្មែរទទួលលើផ្នែកសាសនា ទំនៀមក្សត្រ និងអក្សរសាស្រ្ដ និងទីពីរ៖ ចិន គឺខ្មែរទទួលលើផ្នែកការទូត ពាណិជ្ជកម្ម និងប្រពៃណីទំនៀមទម្លាប់ការរស់នៅនេះឯង។ នេះមានន័យថា «ខ្មែរបានទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងចិន» គឺមានលក្ខណៈប្រហាក់ ប្រហែលគ្នាហ្នឹងឯង។
បើដូចនេះចំពោះប្រពៃណីទំនាក់ទំនងរវាងខ្មែរ-ចិន ហើយដែលយើងឃើញនោះជាអាទិ៍៖ វិស័យទំនាក់ទំនងការទូតគឺបានចាប់ផ្ដើមទ្បើងតំាងពីរវាង ស.វ.ទី៣មកម៉្លេះ រីឯវិស័យពាណិជ្ជកម្មវិញ ក៏រឹតកាន់តែពិសេសថែមទៀត គឺមានតំាងពីដើមសតវត្សរ៍មកម៉្លេះផងដែរ។ ហើយចំពោះវិស័យពាណិជ្ជកម្មនេះគឺបានរីកចម្រើនយ៉ាងខ្លំាងក្លាបំផុតក្នុងរជ្ជកាលចក្រភពអង្គរ ជាក់ស្ដែងដូចយើង ឃើញក្បាច់ចម្លាក់បង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ក្នុងការលក់ដូរយ៉ាងសស្រាក់សស្រំារស់រវើករវាងខ្មែរ-ចិន នៅតាមប្រាង្គប្រាសាទបាយ័ន ឬប្រាសាទផ្សេងៗ ទៀតប្រកបដោយភាពសុខដុមរមនាជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដថា ដោយឈរលើមូលដ្ឋាននេះ បើនិយាយអំពីប្រពៃណីបុណ្យចូលឆ្នាំចិនរបស់បងប្អូនចិន ឬខ្មែរកាត់ចិន ដូចយើងឃើញក្នុងសង្គមខ្មែរយ៉ាងអធិកអធម ជារៀងរាល់ឆ្នាំនេះគឺ «ពុំបានបង្កផលប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរ» នោះទេ។ បានន័យថាបើនិយាយអំពី «បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» គឺយើងនៅតែរក្សាបានតាមក្បួនខ្នាត បុរាណដដែល។ ហើយនិយាយពីក្បួនខ្នាតប្រពៃណីខ្មែរផ្សេងៗទៀតសោតក៏ដូច្នោះដែរ មានដូចជាពិធីអាពាហ៍ពិពាហ៍ ឬពិធីបុណ្យសពជាដើម បើទោះបីជាកិច្ចពិធីទំាងនេះ មានការច្របាច់បញ្ចូលគ្នាខ្លះៗមែន ក៏កិច្ចពិធីនីមួយៗនៅតែរក្សាជំហរអត្ដសញ្ញាណរៀងៗខ្លួនដដែល គឺអត់មាននរណាលេបនរណាទ្បើយ។
ត្រង់ចំណុចនេះបានសេចក្ដីថា៖ «ខ្មែរជាជាតិសាសន៍មួយ ពូកែសំយោគជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ឲ្យរស់នៅជាមួយគ្នា យ៉ាងសុខសាន្ដជាងគេបំផុតលើលោក» ហើយដែលសព្វថ្ងៃ យើងឃើញប្រទេសក្បែរខាង ឬក៏ប្រទេសដទៃទៀត កំពុងមានបញ្ហាជម្លាះជំនឿសាសនាប្រពៃណីទំនៀមទម្លាប់នេះឯង៕