(តាកែវ)៖ ថ្លែងនៅឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអះអាងថា ចលនាសង្រ្គោះជាតិ ដែលទើបតែត្រូវបានបង្កើតឡើង នៅក្រៅប្រទេស គឺមិនអាចនឹងដង្ហើមរស់នោះទេ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា មានកត្តាមួយចំនួន ដែលធ្វើឲ្យចលនាសង្រ្គោះជាតិ មិនអាចរស់បាន គឺទី១៖ បន្ទាប់ពីបង្កើតចលនាសង្គ្រោះជាតិនេះហើយ មិនមានការរំជើបរំជួល ពីប្រជាពលរដ្ឋ នៅក្នុងប្រទេសនោះទេ។ ទី២៖ ចលនានេះ គឺជាចលនាខុសច្បាប់ ដែលបង្កើតឡើង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពៅការបោះឆ្នោត គាំទ្រដោយប្រជាពលរដ្ឋ និងទី៣៖ តាំងពីបង្កើតចលនានេះ មកមិនមានប្រទេសមួយណាប្រកាស ទទួលស្គាល់នោះទេ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការណែនាំ ឲ្យអាជ្ញាធរខេត្តតាកែវ ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន កុំឲ្យចាញ់បោកក្រុមអ្នកនយោបាយ អគតិមួយចំនួនតូច ដែលឃោសនាឲ្យប្រជាពលរដ្ឋ ចូលរួមចលនាខុសច្បាប់នេះ៕