(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំមួយ ស្តីអំពីការរៀបចំអាសនៈថ្វាយ ប្រគេនព្រះសង្ឃក្នុងពិធីសាសនា និងពិធីផ្លូវការនានារបស់រដ្ឋ ពោលអាសនៈរបស់ព្រះសង្ឃ ត្រូវតែខ្ពស់ជាងគ្រហស្ថជាដរាប។ នេះបើយោងតាមសារាចរណែនាំរបស់ក្រសួង ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា មូលហេតុ នៃការចេញសារាចរនេះ គោលបំណងលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីឲ្យស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ កថា ខណ្ឌ៣ ដែលចែងថា «ព្រះពុទ្ធសាសនារបស់រដ្ឋ»

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដោយបានណែនាំឲ្យរៀបចំអាសនៈព្រះសង្ឃគង់ឲ្យបានខ្ពស់ជាងគេ នៅគ្រប់កម្មវិធីទាំងអស់ ដែលមានព្រះសង្ឃ និមន្តចូលរួម៕