(តាកែវ)៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់គ្រឿងប្លាទីនមួយកន្លែង ស្ថិតនៅផ្សារត្រពាំងអណ្តើក ស្ថិតក្នុងភូមិទូលខ្លុង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅយប់ថ្ងៃពុធ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រមាណ៥ម៉ឺនដុល្លារ។
ហេតុការណ៍សង្ដ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចក្រោមការបញ្ជាការពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០៣គ្រឿង បាញ់ទឹកពន្លត់អស់០៥រថយន្ត និងប្រជាពលរដ្ឋជួយដងទឹក ជះពន្លត់ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
លំនៅដ្ឋានដែលរងគ្រោះអគ្គិភ័យនេះ ជារបស់លោក ច័ន្ទ ដារ៉ា អាយុ៥២ឆ្នាំ និងប្រពន្ធ ឡុង ស៊ីវន អាយុ៤៨ឆ្នាំ ដែលមានមុខរបរជាអ្នកលក់ផ្លាកទីន និងសម្លៀកបំពាក់។
អគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះ០១ខ្នងធ្វើអំពីឈើ ខាងក្រោមបេតុង ទំហំ៦ម×៥ម -ម៉ូតូ០២គ្រឿង ប្រាក់រៀលប្រហែល៥០លានរៀល ប្រាក់ដុល្លាជាង២ម៉ឺនដុល្លារ ប្លាទីន២០តម្លឹង។ មូលហេតុបណ្តាលឲ្យមាន អគ្គិភ័យឆាបឆេះ គឺផ្ទុះសេរ្សខ្សែភ្លើង៕