(ភ្នំពេញ)៖ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្រ្តីម្នាក់ឈ្មោះ ទូច រស្មី អាយុ៣៣ឆ្នាំ និងបុរសម្នាក់ឈ្មោះ ទូច សុធា អាយុ៣៥ឆ្នាំ (បងប្រុស) នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធសំណុំរឿងផ្ទុះជម្លោះហឹង្សាជាមួយលោក ជា សំអាន ប្រធានមន្ទីរពហុព្យាបាលវិសាលសុខ នៅទីតាំងកើតហេតុផ្ទះលេខ១០៣៥ បុរីសេវិនវិឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភាគីទាំងសងខាង មានទាំងកូនស្រីពៅបង្កើតរបស់ប្រធានមន្ទីរពហុព្យាបាលវិសាលសុខ ឈ្មោះ ជា សុខបញ្ញា ភេទស្រី អាយុ២៧ឆ្នាំ និងកញា ទូច ចាន់សុភី បងស្រីបង្កើតរបស់ ទូច រស្មី អាយុ៣៥ឆ្នាំ សុំការបំភ្លឺទៅកាន់មហាជនតាមរយៈបណ្តាញព័ត៌មាន Fresh News ដែលខ្លឹមសារទាំងស្រុងដូចខាងក្រោម ដោយ Fresh News សុំមិនអត្ថាធិប្បាយអ្វីឡើយ៖
១៖ កូនស្រីពៅរបស់លោក ជា សំអាន បានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ក្នុងនាមនាងខ្ញុំជាគ្រួសារលោក ជា សំអាន ខ្ញុំសូមធ្វើការបដិសេធចោលនូវព័ត៌មានមិនពិត ដែលចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងទំព័រសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យវិសាលសុខប្ដឹងប្រពន្ធ និងបងថ្លៃដាក់គុក។ នារីឈ្មោះ ទូច ច័ន្ទរស្មី បានស្គាល់លោក ជា សំអាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ទើបតែស្គាល់០១ឆ្នាំ តើអាចមានកូនអាយុ០៤ឆ្នាំបានអត់? នាងខ្ញុំជាក្រុមគ្រួសារ ស្នើសុំឲ្យឈ្មោះ ទូច ច័ន្ទរស្មី យកកូនតូចនោះមកពិនិត្យ DNA។ ពេលស្គាល់គ្នាបានប្រហែលប៉ុន្មានខែ នារីម្នាក់នេះបានសុំខ្ចីលុយ ២០០០០ដុល្លារ ពីលោក ជា សំអាន តែគាត់មិនឲ្យ។ បន្ទាប់មកនារីម្នាក់នេះបាន ព្យាយាមតាមជួប លោក ជា សំអាន ហើយនិយាយថា បើគ្មានលុយស្ដារក្រុមហ៊ុននេះទេ នាងនឹងសំលាប់ខ្លួន។ ដោយក្ដីអាណិត និងដោយគិតថាក្រុមហ៊ុននេះ អាចមានឱកាសស្តារមក វិញបាន លោក ជា សំអាន ក៍សម្រេចចិត្តដាក់ទុន ៥០% ទៅក្នុងក្រុមហ៊ុនដោយមាន ច្បាប់លក្ខន្តិកៈក្រុមហ៊ុនត្រឹមត្រូវចុះបញ្ជីម្ដងទៀតនៅខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់ពីលោក ជា សំអាន ដាក់ទុនហើយ ក្រុមហ៊ុនពិតជាចាប់ផ្ដើមមានប្រាក់ចំណេញមកវិញមែន គឺរហូតមកដល់ពេលនេះក្រុមហ៊ុនអាចចំណេញប្រហែល ១០,០០០ដុល្លារ ក្នុង០១ខែ។ ប៉ុន្មានខែដំបូងគឺជាទំនាក់ទំនង ចូលហ៊ុនទេ តែនារីម្នាក់នោះព្យាយាមលួងលោមគាត់ បង្គាប់ឲ្យកូនស្រីនោះហៅគាត់ថា ប៉ា បន្ទាប់មកក៏ក្លាយជាទំនាក់ទំនង ស្រីកំណាន់ម្នាក់តែប៉ុណ្ណោះ ហើយតែងតែគំរាមមករករឿង ប្រពន្ធកូនគាត់។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោក ជា សំអាន ក៏មានបញ្ហាសុខភាព ដោយគាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយត្រូវសំរាកព្យាបាលមួយរយៈ។ នៅចុងខែមករា ឆ្នាំ២០១៨ គាត់ក៍ចាប់ផ្ដើមធូរស្បើយបន្តិច តែគាត់ចាប់ផ្ដើមមិនបានទទួលបញ្ជីចំណូលចំណាយ បិទកាម៉េរ៉ាលែងឲ្យដឹងស្តុកទំនិញចេញចូល ជម្លោះក៏ចាប់ផ្ដើមឡើង ព្រោះលោក ជា សំអាន ចាប់ផ្ដើមគិតថា ឈ្មោះ ទូច ច័ន្ទរស្មី មិនស្មោះត្រង់នឹងគាត់ គាត់ក៏ចាប់ផ្ដើមចង់បែងចែកភាគហ៊ុន ហើយគាត់ថា នឹងធ្វើការជម្រះបញ្ជីក្រុមហ៊ុន នារីម្នាក់នេះភ័យក៏សុំអង្វរ គាត់កុំឲ្យធ្វើការ ជម្រៈបញ្ជី។ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជា សំអាន ក៏សុំចែកហ៊ុនឲ្យដាច់ស្រេច ហើយប្រាប់នារីម្នាក់នោះថា គាត់បានណាត់មេធាវីរួចហើយ ថ្ងៃច័ន្ទ ទី១២ កុម្ភៈ ២០១៨ យើងជួបចរចារគ្នាជម្រះបញ្ជីក្រុមហ៊ុន បែងចែកភាគហ៊ុន។ នៅថ្ងៃទី០៨ កុម្ភៈ ២០១៨ ដដែល ជម្លោះក៏ចាប់ផ្ដើមខ្លាំងឡើងៗ ហើយ ទូច ច័ន្ទរស្មី បានផ្ញើសារជាសំលេងជេរលោក ជា សំអាន និងព្រមានថា «លុយនឹងអញឲ្យហែង អញចង់ យកលុយគប់ក្បាលហែង ឲ្យហែងនៅមុខពេទ្យឲ្យគ្រូពេទ្យទាំងអស់ហែងដឹង អញមិនឲ្យទៅលើអាណាទាំងអស់ លុយស្អីក៍ដោយ ហែងចង់គិតគូរ ហែងទៅគិតគូរនៅមន្ទីរពេទ្យហែង គឺអញគប់ក្បាល ហែងឲ្យមើល ហែងហៅប៉ូលីសមកចាប់អញមក» ព្រមទាំងគំរាមទៅរករឿងដល់ ប្រពន្ធកូនគាត់ទៀត។
នៅល្ងាចថ្ងៃទី០៩ កុម្ភៈ ២០១៨ លោក ជា សំអាន បានទៅទីតាំងផ្ទះលេខ១០៣៥E ផ្លូវលំបុរីស៊ីរ៉ែនវីឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាទីតាំងការិយាល័យក្រុមហ៊ុនដើម្បីឆែកបញ្ជី បន្ទាប់មកគាត់ចាប់ផ្ដើមស្ពឹកដៃ ព្រោះគាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ធ្វើឲ្យគាត់ឧស្សាហ៍ស្ពឹកមួយចំហៀងខ្លួន គាត់ក៏ហៅគេមកធ្វើគីណេ (អាចហៅស្រីដែលគេចោទ នោះមកសួរទៅ)។ មុននឹងហៅនារីម្នាក់នោះមកលោក ជា សំអាន បានប្រាប់ឲ្យបុគ្គលិកទូរស័ព្ទទៅសួរឈ្មោះ ទូច ច័ន្ទរស្មី ហើយ ទូច ច័ន្ទរស្មី នោះថា មិនអីទេ។ ពេលឈ្មោះ ទូច ច័ន្ទរស្មី មកដល់នាងក៏ចាប់ផ្ដើមយកលេសឈ្លោះគ្នាជាមួយលោក ជា សំអាន រំពេចនោះបងប្រុសឈ្មោះ ទូច សុធា បានស្ទុះមកដាល់លោក ជា សំអាន ចំក្បាលពោះ ហើយចាប់គាត់ផ្ទប់ជញ្ជាំង ដោយ ឈ្មោះ ទូច ច័ន្ទរស្មី នោះបានយកធុងស្រោចផ្កាដាក់ក្បាលលោក ជា សំអាន មួយទំហឹងធ្វើឲ្យឈាមហូរយ៉ាងច្រើន និងធ្វើឲ្យរបួសចាស់គាត់រើឡើង។
ឈ្មោះ ទូច ច័ន្ទរស្មី ដឹងថាគាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយនៅយកធុងស្រោចផ្កាសំដៅក្បាលគាត់ទៀត។ តើនេះជាចេតនាប៉ុនប៉ងឬទេ? ចឹងតើអ្នកណាដែលមានចេតនាចង់ បានទ្រព្យសម្បត្តិអ្នកណា សូមមហាជនវិភាគផង។ ក្រោយមកលោក ជា សំអាន ក៏បានប្ដឹងសមត្ថកិច្ចចាប់ជនទាំងពីរទៅប៉ុស្ដិ៍។ បន្ទាប់ពីកើតហេតុ ខ្ញុំក៏បានទៅប៉េអឹមក្រុង ដើម្បីចរចា ព្រោះឈ្មោះ ទូច ច័ន្ទរស្មី បានផ្ញើសារមកអង្វរខ្ញុំថា មានកូនតូចនៅផ្ទះ។ ដោយក្ដីអាណិត ខ្ញុំបានទៅចរចាហើយនារីម្នាក់នោះបានឆ្លើយថា កូននោះមិនមែនជាកូនរបស់លោក ជា សំអាន ទេ ខ្ញុំក៏សុំឲ្យនាងបង្ហាញបញ្ជីជាតិកូន តែនាងថានាងហ៊ានផ្តិតមេដៃទទួលស្គាល់ថា មិនមែន។ លក្ខខណ្ឌផ្សេងទៀត ដែលខ្ញុំបានចរចារគឺពាក់ព័ន្ធនឹងភាគហ៊ុន ខ្ញុំបានសុំជម្រៈបញ្ជីចែកហ៊ុនដើម្បី បញ្ចប់រឿងនារីម្នាក់នោះក៏សុំមិនជម្រះបញ្ជី តែសុំឲ្យខ្ញុំលក់ក្នុងតំលៃណាមួយ ហើយថាខ្លួនក្រទេ។ ដោយចង់បញ្ចប់រឿងខ្ញុំក៏និយាយថាខ្ញុំ សុខចិត្តលក់ក្នុងតំលៃដើមដែលលោក ជា សំអាន ដាក់កាលពីឆ្នាំមុន មិនទាមទារប្រាក់ចំណេញ និងមិនសើរើប្រាក់ចំណេញដែលនាងកេងទេ។ នៅពេលនោះស្រាប់តែ នារីម្នាក់ដែលជាសាច់ញាតិ មកចោទប្រកាន់ពួកខ្ញុំថា បោកដាក់សំពាធ និង បោះសំដីថា នឹងធ្វើស៊ីពួកខ្ញុំ និងគ្រួសារទៀត ហើយការចរចារក៏ចាប់ផ្ដើមលែងត្រូវគ្នា។ តែឈ្មោះ ទូច ច័ន្ទរស្មី បានសុំឲ្យសាច់ញាតិខ្លួន ចេញពីបន្ទប់ចចារខ្លាចសាច់ញាតិដឹងរឿងទាំងអស់។
លោក ជា សំអាន ខំជួយឲ្យមានលទ្ធភាពចិញ្ចឹមកូន៣នាក់ហើយ ខ្ញុំខំយោគយល់អាណិតខំទុកផ្លូវ និងមុខរបរ ឲ្យទុកចិញ្ចឹមកូនទៀត ព្រោះគាត់លើក ដៃសំពះអង្វរខ្ញុំពេក តែចុងក្រោយបែរ ជាព្យាយាមបង្ខូចកេរិ្តឈ្មោះគ្រួសារខ្ញុំ ទៅវិញ។ នាងខ្ញុំសូមធ្វើការបញ្ជាក់ថា កូនស្រីអាយុ០៤ឆ្នាំនោះមិនមែន ជាកូនលោក ជា សំអាន ទេ បើមិនដូច្នោះទេ ខ្ញុំសុំឲ្យយកកូនស្រីនោះមកធ្វើ DNA ដើម្បីបញ្ជាក់ ហើយក្រុមគ្រួសារខ្ញុំមិនដែលទាមទារកូនស្រីនោះមកធ្វើជាបន្ទុកគ្រួសារ ព្រោះគ្មាន ជាប់សាច់ឈាមជាមួយខ្ញុំ ហើយខ្ញុំមិនបានទៅចង់បំបែកបំបាក់កូននោះពីម្ដាយគេទេ។ នាងខ្ញុំក៏សូមបញ្ជាក់ថា ឈ្មោះ ទូច ច័ន្ទរស្មី គ្រាន់តែស្រីកំណាន់ម្នាក់ និងជាដៃគូសហការចូលហ៊ុនគ្នាតែប៉ុណ្ណោះ មិនមែនជាគ្រួសារមួយផ្សេងទៀតទេ។ ពាក់ព័ន្ធនឹងករណីនេះ នាងខ្ញុំស្នើសុំឲ្យ តុលាការចាត់ការតាមនីតិវិធីច្បាប់ និងចំពោះករណីដែលព័ត៌មានណានៅតែព្យាយាមផ្សាយព័ត៌មានមិនពិត នាងខ្ញុំនឹងធ្វើការដោះស្រាយតាមផ្លូវច្បាប់។
សូមចុចមើលរូបភាពដែលភាគីខាងប្រុសផ្ញើមក
២៖ ភាគីខាងស្រីកំណាន់ កញា ទូច ចាន់សុភី ជាបងស្រីបង្កើត ទូច រស្មី បានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ប្អូនស្រីរបស់ខ្លួនឈ្មោះ ទូច រស្មី អាយុ៣៣ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន៣នាក់ជាង១០ឆ្នាំមកហើយ, ក្រោយពីរស់នៅក្នុងភាពមេម៉ាយ អស់ជាច្រើនឆ្នាំ ក្រោយមកប្អូនស្រីខ្ញុំ ក៏មានទំនាក់ទំនង ស្គាល់គ្នាជាមួយលោក ជា សំអាន ដែលប្រធានពហុព្យាបាលវិសាលសុខ ក្នុងលក្ខណៈជាស្រីកំណាន់ផង និងក្នុងជំនួញរកស៊ីផង ក្នុងរយៈពេលប្រមាណ២-៣ឆ្នាំ។ ប្អូនស្រីរបស់ខ្ញុំដោយ មានជីវភាពទីទាល់ពេកត្រូវបង្ខំចិត្តធ្វើជាស្រីកំណាន់គេ។ ក្រោយពីមានទំនាក់ទំនងស្នេហាជាមួយគ្នា ភាគីខាងប្រុសចាប់ផ្តើមផ្តល់ថវិកាមួយចំនួន និងរកស៊ីចូលគ្នា។ បច្ចុប្បន្នគាត់មានផ្ទះ និងជាកន្លែងធ្វើការផងនៅផ្ទះជួលរស់នៅ លេខ១០៣៥ បុរីសេវិនវិឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅមុនកើតហេតុផ្ទុះហឹង្សាភាគីខាងប្រុសបានចោទប្រកាន់មកលើប្អូនស្រីរបស់ខ្ញុំថា រកស៊ីកិបកេង និងចេះតែមានជម្លោះជាមួយគ្នា។ នៅថ្ងៃកើតហេតុថ្ងៃសុក្រសប្តាហ៍មុន លោក ជា សំអាន បាននាំស្រីម្នាក់ឈ្មោះ ផារត័្ន ទៅដេកនៅបន្ទប់ ដែលជាផ្ទះនិងជាកន្លែងធ្វើការរបស់ ប្អូនស្រីខ្ញុំ តាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៥ល្ងាច ពេលនោះប្អូនស្រីរបស់ខ្ញុំ មិនបាននៅផ្ទះទេ (ខ្ញុំមានវិដេអូបង្ហាញ ពីរឿងស្រីម្នាក់នោះមកដល់ផ្ទះ)។ រហូតដល់ម៉ោង៥ល្ងាច ទើបស្រីនោះចុះពីបន្ទប់ជាន់ទី២ ចាកចេញទៅវិញ តែត្រូវប្អូនប្រុសរបស់ខ្ញុំ ទូរស័ព្ទទៅប្អូនស្រីរបស់ខ្ងុំឈ្មោះ ទូច រស្មី ដោយបាននិយាយថា គាត់ (ជា សំអាន) យកស្រីមកដេកនៅផ្ទះតាំង ពីម៉ោង២-៥ល្ងាច លឺដូច្នេះប្អូនស្រីរបស់ខ្ញុំ បានប្រញាប់ប្រញាល់ត្រឡប់មកផ្ទះ ក៏ផ្ទុះហឹង្សាដោយយក ប្រដាប់ស្រោចទឹកផ្កាវាយក្បាលភាគីខាងប្រុសចំក្បាល រយៈ៣ថ្នេរ ហើយត្រូវបាន សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ រហូតដល់ថ្ងៃច័ន្ទ បញ្ជូនទៅកាន់តុលាការ ដើម្បីសាកសួរនាំ ហើយនៅទីបំផុតល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានសម្រេចឃុំខ្លួនប្អូនស្រី និងប្អូនប្រុសរបស់ខ្ញុំទាំងពីរនាក់។
គាត់ទាំងពីរនាក់ ទោះបីរស់នៅក្នុងលក្ខណៈស្រីកំណាន់ ប៉ុន្តែដូចប្តីប្រពន្ធ អំពើហឹង្សាបន្តិចបន្តួចគួរអធ្យាស្រ័យ ហើយប្រសិនបើចោទប្រកាន់ប្អូនស្រីខ្ញុំថា រកស៊ីកិបកេង មុខរបរលក់នំ និងទឹកគោតិចតួចសោះគួរហៅក្រុមហ៊ុនមកអូឌីត ចុះដើម្បីរកខុសត្រូវ ប៉ុន្តែបែរជាភាគីខាងប្រុស យកស្រីមកដេកបញ្ឈឺខាងស្រី តើស្រ្តីណាទ្រាំបាន។ ពេលនេះគាត់ជាប់ឃុំនៅព្រៃសរ កូនទាំងបីរបស់គាត់យំរកម្តាយ ត្រូវការមើលថែកូនតូចរបស់នាងតែមានអាយុត្រឹមតែ2ខួបប៉ុណ្ណាះតើឲ្យពួកគាត់រំពឹងអ្នកណា។ នាងខ្ញុំជាបងស្រីម្នាក់គត់ ព្រោះពួកខ្ងុំមានបងប្អូនបីនាក់ ហើយក៏ជាកូនកំព្រាតាំងពីតូចមិនមានឪពុកម្តាយតាំងពីនៅក្មេង ឪពុកម្តាយស្លាប់ដោយតែគេសំលាប់។ សូមមតុលាការមេត្តាពិចារណាឡើងវិញ និងដោះលែងប្អូនស្រី និងប្អូនប្រុសរបស់ខ្ញុំផង។ រឿងបន្តិចបន្តួចពួកគាត់មិនគួរជាប់គុកយ៉ាងដូច្នេះទេ ជីវិតប្អូនស្រីរបស់ខ្ញុំម្នាក់មិនអីទេ តែគឺមនុស្ស៣នាក់ ដែលកំពុងរស់នៅជាមួយម្តាយ និងបងប្អូនមើលថែទាំ។ ខាងក្រោមនេះជាវិដេអូ បង្ហាញពីស្រីម្នាក់ត្រូវបានភាគីខាងប្រុសនាំយកទៅដេកដល់ផ្ទះ។
នាងខ្ងុំជាបងស្រី និងជាជនកំព្រាម្នាក់ដែល សូមក្តីមេត្តាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងពីរ សូមជួយរកយុត្តិធម៌ និងផ្តល់ក្តីមេត្តាដល់បងប្អូនខ្ញុំផង នាងខ្ញុំជឿជាក់ថា សម្តេចទាំងពីរ និងជួយរកយុត្តិធម៌ដល់បងប្អូនខ្ងុំដោយក្តីមេត្តាខ្លាំងបំជុត លោកទាំងពីរគឺជាក្តីសង្ឃឹមសំខាន់បំផុតសំរាប់ជួយដល់ចៅៗតូច ដែលពេលនេះត្រូវម្តាយខ្លាំងណាស់ មកចិញ្ចឹមមើលថែចៅ ហើយពេលនេះកូនស្រីពៅរបស់នាងកំពុងឈឺនិងយំរកម្តាយ។
សូមជំរាបថា ស្រ្តីម្នាក់ឈ្មោះ ទូច រស្មី អាយុ៣៣ឆ្នាំ ដែលជាស្រីកំណាន់របស់លោក ជា សំអាន និងបុរសម្នាក់ឈ្មោះ ទូច សុធា អាយុ៣៥ឆ្នាំ (បងប្រុស) នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជុំវិញបង្ករបួសស្នាមទៅលើលោក ជា សំអាន ប្រធានមន្ទីរពហុព្យាបាលវិសាលសុខ៕