(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោក កើត សុធា បានចុះទៅសួរសុខទុក្ខផ្ទាល់ដល់សិស្សនៅអនុវិទ្យាល័យសន្តិភាព ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានដួលសន្លប់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងឱកាសចុះសួរសុខទុក្ខសិស្ស និងលោកគ្រូ អ្នកគ្រូទាំងនោះលោក កើត សុធា បានជម្រុញដល់មន្ត្រីពាក់ព័ន្ធ ដូចជា មន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្រ្តីកាំកុងត្រូលខេត្ត លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាជួយពន្លឿនរកមូលហេតុ នៃការដួលសន្លប់របស់សិស្សឲ្យបាន ហើយប្រការនេះ អាជ្ញាធរខេត្ត ក៏ដូចរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត។

អភិបាលខេត្តប៉ៃលិន ក៏បានសំណូមដល់ក្មួយៗសិស្សានុសិស្ស មេត្តាប្រុងប្រយ័ត្នចំពោះចំណីអាហារ ដែលច្បាប់ហាមឃាត់ ព្រោះបើក្មួយៗនៅតែបរិភោគវា វានឹងធ្វើឲ្យខ្លួនរបស់ក្មួយៗ កើតនូវអាការៈជំងឺផ្សេងៗផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានប្រាប់ទៅក្មួយៗ និងឪពុកម្តាយទាំងអស់កុំបារម្ភអី ពីសេវាថ្លៃព្យាបាលឲ្យសោះ ព្រោះរដ្ឋបាលខេត្តជាអ្នកទទួលខុសត្រូវ

កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មូលហេតុបឋមដែលបណ្ដាលឲ្យ​សិស្សនៅអនុវិទ្យាល័យសន្តិភាព ខេត្តប៉ៃលិន នៅបន្តដួលសន្លប់ គឺមកពីសិស្សទាំងអស់នោះ បានបរិភោគនូវភេសជ្ជៈ ដែលក្រុមហ៊ុនមួយចំនួនបានផ្សព្វផ្សាយថា ទទួលទានទៅនឹងធ្វើឲ្យមានភាពវ័យឆ្លាត និងប៉ូវកម្លាំងកាត់បន្ថយការងងុយគេ ហើយអាចបន្ដការសិក្សាបានយ៉ាងល្អ។

បើតាមលោក លី សុវណ្ណ សិស្សខ្លះបានទទួលទានភេសជ្ជៈនោះលើសកម្រិត ទើបបណ្ដាលឲ្យមានអាការៈពុល ក្អូតចង្អោ ដួលសន្លប់បែបនេះតែម្ដង ហើយមូលហេតុមួយ​ទៀត គឺបណ្ដាលមកពីការភ័យស្លន់ស្លោដោយឃើញមានអ្នកដួលសន្លប់ ទើបសិស្សផ្សេងទៀត​សន្លប់ជាបន្ដបន្ទាប់ផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា​ ក្រសួងសុខាភិបាលបានបញ្ជូនមន្ដ្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅស្រាវជ្រាវ និងពិនិត្យនៅកន្លែងកើតហេតុផងដែរ ហើយជុំវិញការដួលសន្លប់ដោយញាំភេសជ្ជៈលើសកម្រិតបែបនេះ មិនសម្ដៅតែសិស្សនៅខេត្តប៉ៃលិននោះទេ គឺអាចមាននៅតាមបណ្ដាខេត្ដផ្សេងៗទៀតនៅទូទាំងប្រទេស ប្រសិនបើពួកគេញាំលើសកម្រិតយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា សិស្សអនុវិទ្យាល័យសនិ្តភាព នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាង១០បានដួលសន្លប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ខណៈមន្រ្តីជំនាញ និងអាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្រាវជ្រាវ តែសម្រាប់ករណីគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្តាលឲ្យនរណាម្នាក់ប៉ះពាល់ដល់អាយុជីវិតនោះទេ៕