(ភ្នំពេញ)៖ ពិធីសែនចូលឆ្នាំចិន-វៀតណាម ត្រូវចូលមកដល់នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើក្រឡែកទៅមើលអាជីវករដែលលក់ជ្រូកខ្វៃ នៅតាមទីផ្សារកំពុងតែត្រូវប៉ាន់ខ្លាំង ដោយពួកគាត់លក់ដាច់ជាងបណ្ដាឆ្នាំមុនៗ ហើយចំណែកឯតម្លៃវិញក៏បានខ្ពស់ផងដែរ នាំឲ្យក្រុមអាជីវករអាចរកប្រាក់ចំណេញ បានរហូតដល់ខ្ទង់ពាន់ដុល្លារផងដែរ។
ជាការពិតណាស់ តាមប្រពៃណីចិន-វៀតណាម «ជ្រូកខ្វៃ» គឺជាសំណែនមួយ ដែលអ្នកដែលជាប់សែស្រឡាយចិន និងវៀតណាម មិនអាចខ្វះបាន ក្នុងថ្ងៃសែនតែម្ដង ដូច្នេះហើយទើបរដូវបុណ្យចូលឆ្នាំចិន-វៀតណាម នេះមកដល់ ធ្វើឲ្យអ្នកលក់ជ្រូកខ្វៃ ហាក់ឡើងកូដខ្លាំង គឺក្នុងរយៈពេលពីរថ្ងៃ ពោលមុនថ្ងៃបុណ្យប្រពៃណីចិន-វៀតណាម១ថ្ងៃ និងថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីចិន អាចលក់ជ្រូកខ្វៃចាប់ពី១៥០ក្បាល រហូតដល់៣០០ ឬលើសពីនេះ។
កំពុងតែឈរមមាញឹក លក់ជ្រូកខ្វៃនៅម្ដុំផ្សារអូរឬស្សី ខណៈដែលអតិថិជនកំពុងសួរនាំរឿងតម្លៃ ដែលដាក់តាំងលក់នោះអ្នកស្រី លឹម ម៉េងសៀង បានឆ្លៀតផ្ដល់បទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ការលក់ជ្រូកខ្វៃ នៅក្នុងបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំនេះ មានការកើនឡើងខ្លាំង ជាងបណ្ដាឆ្នាំកន្លងទៅ ដោយឆ្នាំនេះគាត់ត្រៀមជ្រូករហូតដល់ទៅ៧០០ក្បាល ដើម្បីលក់ជូនអតិថិជន។
មានស្ពាយកាបូបពីចំហៀងខ្លួន ដើម្បីដាក់លុយដែលលក់ជ្រូកខ្វៃបាន ស្ដ្រីវ័យជាង៣០ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ជ្រូកខ្វៃដែលដាក់លក់នេះ គឺសម្រាប់លក់នៅថ្ងៃនេះតែម្ដង និងថ្ងៃស្អែក ហើយថ្ងៃនេះលក់បានតែតិចប៉ុណ្ណោះ បើថ្ងៃស្អែកអាចលក់បានច្រើន ហើយខ្ញុំធ្វើជ្រូកទុកលក់៧០០ជ្រូក...ការលក់ឆ្នាំនេះកើនជាងឆ្នាំទៅ»។
មិនខុសគ្នាប៉ុន្មានឡើយ លោកស្រី ស៊ូ វ៉ាន់ថុន ដែលប្រកបរបរលក់ជ្រូកខ្វៃជាង១០ឆ្នាំមកហើយនោះ បានលើកឡើងដែរថា ការលក់ជ្រូកខ្វៃរបស់ខ្លួននៅឆ្នាំនេះ មានការកើនឡើងជាបណ្ដាឆ្នាំកន្លងទៅ ដោយឆ្នាំនេះលោកស្រីបានត្រៀមជ្រូកចំនួន២០០ក្បាល ដើម្បីលក់ជូនអតិថិជន។ ដោយឡែកសម្រាប់ ប្រាក់ចំណេញវិញ ត្រូវបានអាជីវកររូបនេះឲ្យដឹងថា ទទួលបានការចំណេញគ្រាន់បើ មិនសូវច្រើននោះទេ ព្រោះថាការចំណាយទៅលើកគ្រឿងផ្សំ និងកម្មករ ក៏ច្រើនគួរសមដែរ។
ថ្លែងដោយទឹកមុខញញឹមញញែម លោកស្រី ស៊ូ វ៉ាន់ថុន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះមិនសូវដាច់ប៉ុន្មាននោះទេ ប៉ុន្ដែថ្ងៃស្អែកមានអ្នកកុម្ម៉ងច្រើនជាងឆ្នាំទៅ ហើយការចំណេញហ្នឹងយើងអត់ទៀងនោះទេ ព្រោះយើងចំណាយក៏ធំដែរ ហើយឥវ៉ាន់អីផ្សេងៗក៏ថ្លៃ [...] ឆ្នាំនេះខ្ញុំត្រៀមជ្រូកប្រមាណជាង២០០ក្បាល ដើម្បីដាក់លក់»។
យ៉ាងណាក៏ដោយ សម្រាប់របរមួយនេះ ត្រូវបានក្រុមអាជីវករ អះអាងថា អាចលក់ដាច់ច្រើន នៅក្នុងតែរដូវចូលឆ្នាំចិន និងសែនឆេងម៉េងប៉ុណ្ណោះ ដោយឡែកសម្រាប់ថ្ងៃធម្មតាមិនសូវបានផលច្រើននោះទេ៕
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍៖