(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបិទបញ្ចប់កាវាយតម្លៃលើក្រុង-ខណ្ឌបេក្ខភាពទីក្រុងស្អាតហើយនោះ ពាន់រង្វាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានផ្ការំដួល១ទង រំដួល២ទង និងរំដួល៣ទង រង់ចាំប្រគល់ជូនក្រុង-ខណ្ឌជយលាភី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។
ក្រោយបញ្ចប់ការងាររបស់ខ្លួន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបើកកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៦ និងការប្រជុំបូកសរុបលទ្ធផលវាយតម្លៃចុងក្រោយ សម្រាប់ក្រុង-ខណ្ឌបេក្ខភាពទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨-២០២១) ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងនិងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៤ ខែកុម្ភៈនេះ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្តង់ដារទីក្រុងស្អាតមាន៧សូចនាករគោល ចែកជា៣៣សូចនាករលម្អិត និងត្រូវបានកំណត់ធ្វើការវាយតម្លៃដោយផ្អែកលើ ៧៧លក្ខណវិនិច្ឆ័យ។
លោកបន្តថា ក្រុង-ខណ្ឌជ័យលាភីមាន៣បីកម្រិត រួមមាន៖ ផ្ការំដួល៣ទង សម្រាប់ក្រុង-ខណ្ឌណាដែលទទួលបានពិន្ទុចាប់ពី ៥៨ ដល់ ៧៧, ផ្ការំដួល២ទង សម្រាប់ក្រុង-ខណ្ឌណាដែលទទួលបានពិន្ទុចាប់ពី ៤៦ ដល់ ៥៧ និងផ្ការំដួល១ទង សម្រាប់ក្រុង-ខណ្ឌណាដែលទទួលបានពិន្ទុចាប់ពី ៣១ ដល់ ៤៥។
គួររំឭកថា សម្រាប់ជយលាភីចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី១ (សុពលភាព ឆ្នាំ២០១៥-២០១៨) ដែលបានចែកជូនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ មានទីក្រុងចំនួន២៦ និងខណ្ឌចំនួន៩ ជាបេក្ខភាព ក្នុងនោះជ័យលាភីផ្ការំដួល៣ទង មាន៤ក្រុង និង១ខណ្ឌ (ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប និងខណ្ឌដូនពេញ) ផ្ការំដួល២ទង មាន១០ក្រុង និង២ខណ្ឌ និងផ្ការំដួល១ទង មាន១១ក្រុង និង៦ខណ្ឌ និងមាន១ក្រុង មិនបានទទួលចំណាត់ថ្នាក់។
ដោយឡែក សម្រាប់ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ឆ្នាំ២០១៨-២០២១) គ្រោងនឹងប្រកាសជយលាភីនៅក្នុងឱកាសសន្និបាតការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីចែកជយលាភីទីក្រុងស្អាតលើកទី២ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕