(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីសប្បុរសធម៌ផ្សេងៗ ជួយជនមានពិការភាព ជាជម្រើសដ៏ល្អបំផុត ហើយ សកម្មភាពនេះ បានសរបញ្ជាក់ឲ្យឃើញពីជាការជួយលើកកម្ពស់ជនមានពិការភាពនៅកម្ពុជាផងដែរ។
ការលើកឡើងរបស់ លោក ឯម ច័ន្ទមករា បានធ្វើឡើងខណៈលោក អញ្ជើញចូលរួមជាតំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៅក្នុងកម្មវិធី «ប្រគំតន្រ្តីសប្បុរសធម៌នៃសេចក្តីស្រឡាញ់លើកទី៥» ដែលរៀបចំធ្វើ នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ «កម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ នៃសេចក្តីស្រឡាញ់លើកទី៥»នេះ រៀបចំដោយក្រុមយុវនិស្សិតស្ម័គ្រចិត្ត របស់ក្លឹបសិល្បៈ និងផ្ទាំងទស្សនីយភាពមេគង្គ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។
លោក ឯម ច័ន្ទមករា បានបន្ថែមឲ្យដឹងថា ការធ្វើកម្មវិធីនេះ វាគឺជាកាយវិការមួយ ធ្វើឡើងដោយបង្ហាញពីការស្រឡាញ់ និងរាប់អានដល់បងប្អូន ដែលមានពិការភាព។ ក្រឡេកទៅមើលពេលកន្លងទៅ បងប្អូនដែលជាជនមានពិការភាព ហាក់មិនសូវមានការអញ្ជើញមកចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តី និងតាមកម្មវិធីផ្សេងៗឡើយ ហើយពេលនោះ ជនមានពិការភាពក៏ត្រូវបានគេបំភ្លេចចោល។ ចំណែកការគេងប្រវ័ញ្ចកម្លាំងរបស់ ជនមានពិការភាព ក៏នៅតែកើតមានឡើងជាបន្តបន្ទាប់ ដោយយកជនមានពិការភាពទៅធ្វើអាជីវកម្ម ដូចជាការសម្តែងសិល្បៈ នៅតាមដងផ្លូវជាដើម។
លោក ឯម ច័ន្ទមករា បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនកម្ពុជា បង្វែរពីការជួយបងប្អូនមានពិការភាព ពីការដាក់ទាន តាមទីសាធារណៈ និងនៅតាមកន្លែង ភោជនីយដ្ឋានផ្សេងៗ (បែបលក្ខណៈសុំទាន) មកជាការធ្វើកម្មវិធីសប្បុរសធម៌ បែបនេះវិញជាលក្ខណៈអង្គការ ឬសមាគមន៍។ ខ្ញុំពិតជាមានការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំកម្មវិធីបែបនេះ»។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា ជំនួសមុខឲ្យជនមានពិការភាព នៅទូទាំងប្រទេស ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយ និងយកចិត្តទុកដាក់ដល់ជនមានពិការភាព ទាំងការឧបត្ថម្ភថវិកា និងជួយផ្គត់ផ្គង់ដល់សំភារៈជាបន្តបន្ទាប់។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច បានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនមានពិការភាព ទូទាំងប្រទេសកម្ពុជា។
កន្លងមក លោក ឯម ច័ន្ទមករា បានលើកឡើងថា បច្ចុប្បន្នជនមានពិការភាព បានក្លាយជាជនគំរូ សម្រាប់សាធារណៈជន ដោយសារ តែជនមានពិការភាព មានសមត្ថភាព ដូចជនគ្មានពិការភាព។ លោកបានបន្តថា ពី១ឆ្នាំទៅ១ឆ្នាំស្ថានភាពជនពិការ មានការប្រែប្រួល ហើយការផ្សព្វផ្សាយពីពិការភាព ក៏បានបង្ហាញតាមរូបភាពផ្សេងៗគ្នា ដូចជាការសំដែងសិល្បៈ ការជួបជុំគ្នា ការចុះសួរសុខទុក្ខ ពីថ្នាក់ដឹកនាំនានា។ នេះសរបញ្ជាក់ឲ្យឃើញពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងនៅក្នុងវិស័យពិការភាព៕