(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈ CDC កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១.៦ប៊ីលានដុល្លារអាមេរិក។
វិស័យដែលវិនិយោគិនជប៉ុន វិនិយោគនៅកម្ពុជា រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
CDC បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគសរុបប្រមាណ៦៣លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ប្រមាណ៥៩លានដុល្លារអាមេរិក។ បន្ថែមលើគម្រោងវិនិយោគដែលមានបច្ចុប្បន្ន កម្ពុជារំពឹងថា នៅក្នុងឆ្នាំ២០១៨នេះ គម្រោងវិនិយោគជប៉ុននឹងកើនឡើងបន្ថែមទៀត ទន្ទឹមនឹងការបើកឱ្យដំណើរការនូវផ្សារទំនើបអ៊ីអន សាខាទី២។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅទីស្ដីការ CDC លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ CDC ព្រមទាំងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដោយមានការចូលរួមពីភាគីព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំគណៈកម្មាធិការនេះ គឺជាផ្នែកមួយនៃយន្តការថែទាំអ្នកវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនា រវាងតំណាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្ដាប់នូវសំណូមពរផ្សេងៗ ព្រមជាមួយនឹងការផ្តល់នូវដំណោះស្រាយដ៏ សមស្របជូនអ្នកវិនិយោគ។
ក្នុងឱកាសកិច្ចប្រជុំលើកទី១៦នេះ ការពិភាក្សាបានផ្តោតលើបញ្ហា និងស្វែងយល់អំពីកិច្ចការមួយចំនួន ទាក់ទងទៅនឹងបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ដែលរួមមាន៖
១៖ ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) របស់ក្រុមហ៊ុនវិនិយោគតែមួយ ដែលមានសកម្មភាពច្រើន។
២៖ បច្ចុប្បន្នភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស។
៣៖ បទដ្ឋាននៃកិច្ចការពារបរិស្ថានកម្ពុជា ចំពោះគម្រោងវិនិយោគ និងបច្ចុប្បន្នភាពនៃការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធ នឹងមូលនិធិបរិស្ថាន និងសង្គមសម្រាប់ឧស្សាហកម្ម។
៤៖ កិច្ចការពាក់ព័ន្ធនឹងពន្ធដារ។
៥៖ ការរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា។
៦៖ កិច្ចការពាក់ព័ន្ធនឹងឡូជិស្ទីក និងហេដ្ឋារចនាសម្ព័ន្ធ។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលបានផ្តល់ទំនុកចិត្ដ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធានាស្ថិរភាពនយោបាយ និងបរិស្ថានអនុគ្រោះគ្រប់បែបយ៉ាង ជាពិសេសទោះបីជានឹង មានការបោះឆ្នោតសកលនៅឆ្នាំ២០១៨ខាងមុខក៏ដោយ។
លោកក៏បានលើកទឹកចិត្ត ឱ្យអ្នកវិនិយោគជប៉ុនលើកឡើងពីក្ដីកង្វល់ និងសំណូមពរនានា ពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដែលអាចផ្តល់លទ្ធភាពឱ្យភាគីកម្ពុជា ដោះស្រាយបញ្ហាទាំងនោះចំគោលដៅ មានប្រសិទ្ធភាព និងទាន់ ពេលវេលាជូនអ្នកវិនិយោគ។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុន ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជាការផ្គុំដំឡើងសម្ភារៈបរិក្ខារ អេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត និងការផ្គុំដំឡើងមធ្យោបាយដឹកជញ្ជូនជាដើម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកគាំទ្រដល់ការពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម, ការធ្វើពិពិធ-កម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍធនធានមនុស្ស, និងជាពិសេសការចូលរួម អនុវត្តឱ្យសម្រេចបានតាមគោលដៅ នៃគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះក្ដីកង្វល់ និងសំណូមពរ របស់អ្នកវិនិយោគជប៉ុន។ សកម្មភាពនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកវិនិយោគ។
លោក សុខ ចិន្តាសោភា និងលោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យស្មារតីសហការដ៏ប្រពៃនេះ បន្តស្ថិតនៅជានិរន្តរ៍ ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងថែមទៀត នូវបរិយាកាសវិនិយោគជូន ដល់អ្នកវិនិយោគដែលមានវត្តមាននៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត៕