(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារនៃប្រទេសថៃ បានឯកភាពគ្នាថា នឹងបញ្ចប់ការធ្វើលិខិតធ្វើដំណើរ (TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនពលករខ្មែរដែលធ្វើការនៅថៃ ឲ្យបានចប់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៨ ខណៈពលករខ្មែរនៅថៃ ដែលមិនទាន់មានភាពស្របច្បាប់នៅឡើយនោះ នៅសល់តែ៣៤ម៉ឺននាក់ទៀតប៉ុណ្ណោះ។
ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ផលហ្គេន អាប់ឌុលស័ង្ខសិង្ហកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ។
ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ទទួលបាននូវលទ្ធផលមួយចំនួន រួមមាន៖
១៖ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជានៅប្រទេសថៃ ប្រកបដោយលទ្ធផលល្អ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលចំនួន៣កន្លែង ដែលមានក្រុមការងារចល័ត ចុះធ្វើឯកសាស្របច្បាប់ជូនដល់ពលករកម្ពុជា នៅទីក្រុងបាងកក ខេត្តរ៉ាកយ៉ង និងខេត្តសុងខ្លា មានដំណើរការល្អ។ ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ (TD) និងបណ្ណពលករកម្ពុជា ធ្វើការនៅបរទេស( OCWC) ដោយផ្ដល់ជូនពលករកម្ពុជា ក្នុងមួយថ្ងៃទទួលបានពី ១,៧០០-១,៨០០នាក់។ មកទល់ពេលនេះនៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀត ដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។
២៖ ភាគីទាំងពីរបានឯកភាពកំណត់ពេលបញ្ចប់ ការងារផ្តល់ភាពស្របច្បាប់ ជូនដល់ពលករកម្ពុជាឲ្យបានត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ ក៏រៀបចំក្រុមការងារចល័ត និងមជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បីបង្កើនល្បឿនធ្វើឯកសារ ស្របច្បាប់ជូនពលករកម្ពុជា ឲ្យបានដល់ ៤,០០០នាក់ ក្នុងមួយថ្ងៃ។ រីឯភាគីថៃក៏បានកំណត់ទីតាំង ដើម្បីរៀបចំបញ្ជីឈ្មោះពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារជូនពលករកម្ពុជាទៀតផង។
៣៖ ភាគីទាំងពីរនឹងរៀបចំក្រុមចម្រុះប្រចាំការ នៅក្រសួងការងារថៃ ដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។
៤៖ ភាគីទាំងពីរបង្កើនស្មារតី សហប្រតិបត្តិការជាបងប្អូន ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
៥៖ ភាគីថៃបានអញ្ជើញលោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងក្រុមការងារបច្ចេកទេសកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ ក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ នៅពេលផែនការថ្មីនេះចាប់ផ្តើមដំណើរការ។ ជាការឆ្លើយតប លោក អ៉ិត សំហេង បានឯកភាពទទួលនូវការអញ្ជើញនេះ ពីលោករដ្ឋមន្ត្រីក្រសួងការងារថៃផងដែរ៕