(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ នាយកនាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាក្នុងខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់អង្គប្រជុំដូចខាងក្រោម យកចិត្តទុកដាក់ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព បង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន កុំឲ្យកើតមានក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានសង្កត់ធ្ងន់ថា «សូមចៅសង្កាត់ទាំង១៣ យកចិត្តទុកដាក់ក្រុមបដិសណ្ឋារកិច្ច នៅសាលាសង្កាត់ ដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»។
ដោយឡែកការងារអនាម័យបរិស្ថាន សម្អាតតាមដងផ្លូវ និងត្រួតពិនិត្យការទុកដាក់ ការបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវតាមម៉ោងពេលកំណត់ ដើម្បីសោភណ្ឌភាពទីក្រុងស្អាត។
ជាមួយគ្នាលោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ ឲ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ បណ្តាលមកពីអគ្គិភ័យ ពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយ មុនចេញដំណើទៅទីជិតទីឆ្ងាយ ដើម្បីសុវត្ថិភាព និងសេចក្តីសុខទាំងអស់គ្នា៕