(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ បានចេញយុទ្ធនាការផ្សព្វផ្សាយ និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវវ័យ កុំឲ្យភ្លើតភ្លើនចាញ់បោក ប្រគល់ខ្លួនប្រាណ ដោយមិនបានការពារ នៅក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧នេះ នៅទីតាំងអាជ្ញាធរជាតិប្រឆាំង នឹងជំងឺអេដស៍ផ្ទាល់តែម្ដង ក្រោមវត្តមានរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើង គឺក្នុងគោលបំណង ក្រើនរំឭកដល់យុវវ័យ ពីការបង្កានៃការឆ្លងមេរោកអេដស៍ និងសុខភាពបន្តពូជ នៅថ្ងៃទី១៤ កុម្ភៈ និងដើម្បីទប់ស្កាត់ការហូរចូលនូវវប្បធម៌បរទេស ដែលយើងហៅថា «ទិវានៃក្ដីស្រឡាញ់»។ ជាពិសេស​ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ ដែលជាផលអវិជ្ជមានបណ្ដាលមកពីយុវជន ក្នុងទិវានៃក្ដីស្រឡាញ់។

លោកទេសរដ្ឋមន្រ្តីបានបន្តឲ្យដឹងទៀតថា យុទ្ធនាការនេះ អាចចាត់ទុកថា ជាការបង្កើនការយល់ដឹងជាសាធារណៈ ពីវិធានការបង្កាមេរោគអេដស៍ ជំងឺអេដស៍ក្នុងចំណោមយុវវ័យ ហេតុដូច្នេះ ទើបយើងខិតខំបញ្ចូលខ្លឹមសារ តាមរយៈសារអប់រំ មានដូចជា យុវជនឆ្លាតវ័យ មិនយកកាដូរ ប្ដូរមេរោគអេដស៍, ថ្ងៃនៃក្ដីស្រឡាញ់ មិនមែនជាថ្ងៃចំឡងអេដស៍, ប្រយ័ត្នការស្រឡាញ់ ចាញ់មេរោគអេដស៍ និង កុំឲ្យមានវិប្បដិសារី ដោយសារថ្ងៃនៃក្ដីស្រឡាញ់ ជាដើម។

លោក អៀង ម៉ូលី ​បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ត្រូវចេះការពារខ្លួន និងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់​ចំពោះជំងឺអេដស៍។ ​ក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ សូមយុវវ័យកុំឆាប់ប្រឡូកក្នុងការរួមភេទ ហើយបើជ្រុសខ្លួន ត្រូវចាំបាច់ត្រូវប្រើប្រាស់ស្រោម​អនាម័យជានិច្ច ពីព្រោះ​ស្រោមអនាម័យ អាចការពារ​ពីការឆ្លងមេរោគអេដស៍។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ដដែលរូបនេះ ក៏បានថ្លែងអំណរគុណ​ដល់​អង្គការ​ក្រៅរដ្ឋាភិបាល ដែលបានសហការគ្នា ចូលរួមនៅក្នុងយុទ្ធនាការ​ផ្សព្វផ្សាយអេដស៍ ក្នុងទិវានៃក្ដីស្រឡាញ់នេះ ដើម្បីជួយផ្សព្វផ្សាយ ទៅដល់សាធារណជន​ទូទៅ ឲ្យជ្រាបកាន់តែទូលំទូលាយ៕