(កោះកុង)៖ ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) របស់ក្រសួងបរិស្ថាន (MOE) ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នៃក្រសួងទេសចរណ៍ នាថ្មីៗនេះ បានរៀបចំកម្មវិធីប្រគល់ធុងសំរាមចំនួន ៨០ធុង ជូនដល់សហគមន៍អេកូទេសចរណ៍ ពាមក្រសោប ដើម្បីជំរុញ លើការផ្សព្វផ្សាយ ពីផលិតផលទេសចរណ៍ និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដោយរំលេចនូវពាក្យស្លោក «​អេកូទេសចរណ៍ ជួយការពារព្រៃឈឺ រក្សាភាពបៃតងប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុនៅកម្ពុជា»។

កម្មវិធីនេះ បានរៀបចំឡើង នៅមន្ទីរទេសចរណ៍ខេត្តកោះកុង ក្រោមអធិបតីភារបស់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។ ជាមួយគ្នានេះផងដែរ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នៃក្រសួងទេសចរណ៍ ក៏បានប្រគល់វិញ្ញាបណ្ណបត្រជូនដល់សិក្ខាកាម ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងគុណភាពលើសេវាកម្មស្តង់ដាផ្ទះស្នាក់ និង សេវាកម្មម្ហូបអាហារ/ភេជ្ជៈ នៅសហគមន៍អេកូទេសចរណ៍ពាមក្រសោប ខេត្តកោះកុងផងដែរ ។

គោលបំណងរបស់វគ្គបណ្តុះបណ្តាល៖

១៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់ភាគីដែលពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ «ទិសដៅទេសចរណ៍ស្អាត និងបៃតង »។

២៖ ពង្រឹង និងក៏សាងសមត្ថភាពដល់សហគមន៍អេកូទេសចរណ៍តាមរយៈវគ្គបណ្ដុះបណ្ដាលនានា។

៣៖ ដើម្បីចែករំលែកចំណេះដឹង ឬបទពិសោធន៍ដល់ប្រជាសហគមន៍មូលដ្ធាន។

៤៖ ដើម្បីបង្កើនគុណភាពសេវាកម្មផ្ទះស្នាក់ និងសេវាកម្មអាហារ/ភេសជ្ជៈ ដល់សហគមន៍អេកូទេសចរណ៍នៅកម្ពុជា។

៥៖ បញ្រ្ជាបការយល់ដឹងជាសាធារណៈអំពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងវិធីសាស្រ្តក្នុងការបង្កើនគុណភាពសេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ/ភេជ្ជៈ ក្នុងការចូលរួមចំណែកបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូល។

៦៖ លើកកម្ពស់ការផ្សារភ្ជាប់គ្នា និងការជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ទេសចរណ៍ និងសហគមន៍ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

៧៖ ជំរុញភាពជាដៃគូរវាងសហគមន៍ទេសចរណ៍ (CBT) ជាមួយវិស័យសាធារណៈ និងវិស័យឯកជន៕