(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំមួយ ក្នុងទិវានៃក្តីស្រឡាញ់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ហើយមានសិស្សនិស្សិត និងយុវជនចូលរួមចំនួន៥០០នាក់ ក្នុងនោះមានអ្នកបរិច្ចាគឈាមចំនួន៤៨០នាក់។

នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានណែនាំឲ្យក្មួយៗយុវជន យុវនារី ធ្វើអំពើល្អ ដូចជា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងចែករំលែកសេចក្តីស្រឡាញ់ សេចក្តីអាណិតអាសូរដល់ ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមសម្រាប់ការព្យាបាល និងជួយសង្រ្គោះជីវិតនៅតាមមន្ទីរពេទ្យនានា។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ចលនានៃការចូលរួមរបស់យុវជនយើង ក្នុងការបរិច្ចាគឈាមកំពុងបង្កើតជាវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សារភ្ជាប់ជីវិត និងសេចក្តីស្រឡាញ់របស់ប្រជាជនគ្រប់រូប»

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែបានអំពាវនាវឲ្យ យុវជនប្រជាជនទូទៅ ចូលរួមបរិច្ចាគឈាម ជាបន្តបន្ទាប់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ និងជាពិសេស សម្តេចតែងតែបានដាស់តឿនដល់យុវជន យុវនារី នៅមុនទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ ឲ្យធ្វើអំពើល្អ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំរៀបចំយុទ្ធនាការដ៏សំខាន់នេះ និងបានចូលរួមចំណែកធ្វើឲ្យការផ្តល់សេវាសុខាភិបាល កាន់តែមានភាពល្អប្រសើរឡើង។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីជួយជីវិតមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនី គ្រួសារតារាកម្ពុជា និងនិស្សិតទាំងអស់ដែលស្ម័គ្រចិត្តចូលរួមសំដែង នៅក្នុងយុទ្ធនាការដែលធ្វើឲ្យការអប់រំបានផ្សារភ្ចាប់ជាមួយការកំសាន្ត និងសិល្បៈ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏បានបន្ថែមថា «ក្នុងឆ្នាំ២០១៧ យើងបានផ្គត់ផ្គង់ឈាមប្រមាណ ៧៤៦៨៣ ប្លោកដល់មន្ទីរពេទ្យ និងអ្នកជម្ងឺទាំងអស់នៅទូទាំងប្រទេស។ តម្រូវការ ឈាមនៅរាជធានីភ្នំពេញមាន៨០% នៃការត្រូវការឈាមទាំងអស់។ ឈាមប្រមាណ ២០០ប្លោកត្រូវការជារៀងរាល់ថ្ងៃ»។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា «យើងកំពុងត្រូវការអំណោយឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ និងជម្ងឺផ្សេងៗទៀត ឲ្យបានទាន់ពេលវេលាក្នុងគ្រប់កាលៈទេសៈទាំងអស់»។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស សូមអញ្ជើញចូលរួមបរិច្ចាគឈាមទាំងអស់គ្នា នៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្តនីមួយៗ (នៅតាមមន្ទីរពេទ្យ ខេត្ត និងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមភ្នំពេញ ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត)។

ដើម្បីជាការចែករំលែកក្តីស្រលាញ់សម្រាប់មនុស្សជាតិទូទៅ ហើយឈាមរបស់លោកអ្នក ពិតជាបានដឹកនាំក្តីស្រលាញ់ និងសារធាតុសំខាន់ ដ៏មានតម្លៃបំផុតសម្រាប់ជីវិត ទៅជួយអ្នកជំងឺ ទាំងឡាយដែលកំពុងរង់ចាំឲ្យមានក្តីសង្ឈឹមឡើងវិញយ់ាងពិតប្រាកដ។ សំគាល់៖ សប្បុរសជនផ្តល់ឈាមក្នុងថ្ងៃពិសេសនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតពីកម្មវីធី៕