(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងកោតសរសើរ និងស្ញប់ស្ញែងផងដែរ ចំពោះក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាង» ដែលបានប្រឹងប្រែងពុះពារជម្នះរាល់ការលំបាកជាច្រើនឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ភ្នំខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តិតយកទិដ្ឋភាព និងសម្រស់ធម្មជាតិតាំងពីជើងភ្នំរហូតដល់កំពូលមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរ។
ការថ្លែងកោតសរសើររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រីរបស់លោក ដើម្បីរៀបចំផែនការធ្វើសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មីក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅចំពោះមុខមន្ត្រីរបស់លោកគ្រប់លំដាប់ថ្នាក់លោក ថោង ខុន បានលើកឡើងថា ជាការគួរឲ្យកោតសរសើរដែលក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» គាត់ប្រឹងប្រែងឡើងទៅដល់កំពូលភ្នំឱរ៉ាល់។ លោករដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងដែរថា តាមរយៈការផ្សព្វផ្សាយរបស់ពួកគាត់នឹងជួយទាក់ទាញអ្នកចូលចិត្តឡើងភ្នំបន្ថែមទៀត ទៅកាន់ភ្នំឱរ៉ាល់ ហើយក៏នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ។
ក្រៅពីបានកោតសរសើរអំពីដំណើរបេសកកម្មរបស់ «Mercedes និងកំណប់អាថ៌កំបាំង» ហើយនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចោទសួរទៅកាន់មន្ត្រីរបស់លោកដែរថា ប្រហែលជាមិនដែលបានឡើងទៅដល់លើកំពូលភ្នំឱរ៉ាល់តែមើលទៅ?
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» ដែលរៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia ក្រុមហ៊ុនចែកចាយរថយន្តដ៏ល្បាញល្បីលើពិភពលោក Mercedes Benz និងមានការសហការរៀបចំដោយអង្គភាពព័ត៌មាន Fresh News និងថ្មីៗ នោះ បានរួមគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវដ៏សែនលំបាក កាត់ព្រៃព្រឹក្សា កាត់ជម្រាលភ្នំ ដើម្បីឡើងទៅកាន់កំពូលភ្នំឱរ៉ាល់។ បន្ទាប់ពីបានធ្វើចម្ងាយទាំងឡើងទាំងចុះពីជើងភ្នំដល់កំពូលប្រមាណ ៤០គីឡូម៉ែត្រ ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» បានសម្រេចមហិច្ឆតារបស់ខ្លួន ដោយឡើងដល់កំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១,៨១៣ម៉ែត្រនៅវេលាម៉ោង ១២៖១២នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
បន្ទាប់ពីបានឡើងដល់កំពូលភ្នំដោយជោគជ័យហើយនោះព័ត៌មានស្តីពីដំណើរឡើងភ្នំឱរ៉ាល់ និងព័ត៌មាននានាពាក់ព័ន្ធការឡើងភ្នំឱរ៉ាល់ អមដោយការរំលេចនូវរូបភាពនៃផ្ទាំងទស្សនីយភាពនៅតំបន់ភ្នំឱរ៉ាល់ផងនោះ ត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសនៅលើបណ្តាញព័ត៌មាន Fresh News និង ថ្មីៗ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរ។
សូមរំលឹកដែរថា ដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ គឺជាបេសកកម្មទីពីរហើយរបស់ «Mercedes និងកំណប់អាថ៌កំបាំង» ដែលក្នុងនោះបេសកកម្មទី១ត្រូវបានធ្វើឡើងនៅអំឡុងខែសីហា ឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ និងបានធ្វើដំណើរឡើងតំបន់ទេសចរណ៍អូរសោម ដែលស្ថិតនៅជួរភ្នំក្រវ៉ាញ ដែលដេកទន្ទឹមគ្នានឹងជួរភ្នំឱរ៉ាល់ផងដែរ។ ដំណើរឡើងទៅតំបន់ទេសចរណ៍អូរសោមនោះ ព័ត៌មានជាច្រើនពាក់ព័ន្ធផលិតផល កសិកផល និងតំបន់ទេសចរណ៍ដូចជាទឹកជ្រោះឆាយប្រុយត្រូវបានយកមកផ្សព្វផ្សាយធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋខ្មែរផងដែរ។
«Mercedes និងកំណប់អាថ៌កំបាំង» បង្កើតឡើងក្នុងបំណងគាស់កកាយរកតំបន់ទេសចរណ៍ឆ្ងាយៗ ដែលប្រជាពលរដ្ឋខ្មែរពិបាក ឬ កម្រទៅដល់ ដើម្បីរួមចំណែកជំរុញសក្តានុពលទេសចរណ៍នៅកម្ពុជា។ កម្មវិធី ដែលតែងតែមានការជូនដំណើរប្រកបដោយផាសុខភាពពីរថយន្តល្បីរបស់អាល្លឺម៉ង់ Mercedes នេះ ក៏មានបេសកកម្មផ្សព្វផ្សាយកសិផល និងផលិតផលនៅតាមបណ្តាខេត្ត ដើម្បីស្វែងរកគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដែលអាចជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមទីជនបទ។
ការកោតសរសើររបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺជាការចាក់បំពេញនូវថាមពល និងកម្លាំងចិត្តយ៉ាងខ្លាំងក្លាបន្ថែមទៀត ដល់កម្មវិធី «Mercedes និង កំណប់អាថ៌កំបាំង» ដើម្បីបន្តបេសកកម្មរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍អាថ៌កំបាំងដទៃទៀត។ តែទោះជាយ៉ាងកម្មវិធីយើងក៏សម្តែងការសោកស្តាយ ដែលក្នុងដំណើរឡើងភ្នំឱរ៉ាល់ក្រុមការងារបានព្យាយាមសូមមន្ត្រីទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺឡើងទៅកាន់ភ្នំឱរ៉ាល់ តែពួកគាត់បែជាប្រកែកមិនឡើងភ្នំក្រោមហេតុផលថា គ្មានអ្នកការពារ៕