(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានមានព្រះបន្ទូលថា ព្រះអង្គនឹងមិនឱ្យគណបក្សរាជានិយមដ៏ចំណាស់មួយនេះ មានការបែកបាក់ផ្ទៃក្នុង សារជាថ្មីឡើយ។

ការមានព្រះបន្ទូលបែបនេះរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃថា គណបក្សហ៊្វុនស៊ិនប៉ិចកំពុងមានបញ្ហាផ្ទៃក្នុងសារជាថ្មី បន្ទាប់ពីគណបក្សនេះបណ្តេញសមាជិករបស់ខ្លួន៤នាក់ ចេញពីបក្ស នាថ្មីៗនេះ ដោយសារតែរៀបគម្រោងការទាមទារឱ្យទម្លាក់ អនុប្រធាន និងអគ្គលេខាធិការរបស់ គណបក្សហ៊្វុនស៊ិនប៉ិច។

មានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលថា ការសម្រេចបណ្តេញសមាជិកទាំងនោះចេញពីបក្សគឺមានការឯកភាពគ្នាដោយ សមាជិកថ្នាក់កំពូលរបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយមូលហេតុដែលមានការបណ្តេញចេញនេះដោយសារតែព្រះអង្គ ចង់ឱ្យគណបក្សហ៊្វុនស៊ិនប៉ិចរឹងមាំ និងចេះរួបរួមគ្នា។

ព្រះអង្គបានមានបន្ទូលដូច្នេះថា៖ «បើគេចង់ទៅឱ្យគេទៅៗ អត់ទេខ្ញុំគ្រាន់តែប្រាប់ថា ដែលយើងទាំងអស់គ្នា ដែលជាកូនចៅសម្តេចតា សម្តេចតាតួត គណបក្សហ៊្វុនស៊ិនប៉ិចមិនមែនគណបក្សខ្ញុំទេ វាមានឯកភាពគ្នា កុំចេះតែចេញថាខ្ញុំ នរោត្តម រណឫទ្ធិជាប្រធាន ខ្ញុំមិនដែលបណ្តេញនរណាទេ ក៏ប៉ុន្តែខ្ញុំចុះហត្ថលេខាមែន បើគេឱ្យខ្ញុំចុះហត្ថលេខាខ្ញុំត្រូវចុះហត្ថលេខា ដើម្បីឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយមតែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា ចេះរួបរួមគ្នា មានបញ្ហាអី ដោះស្រាយបញ្ហាផ្ទៃក្នុងទៅ កុំយកទៅតុលាការ​»។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥រូប ដែលរួមមានលោក សេង ហាក់ស៊្រុន អតីតអគ្គលេខាធិការរង, លោក មៀច សំរួល, លោក កាន់ វុឌ្ឍី, លោក សួន ផល្លី, លោក គឹម រ៉ាវី និង លោក ណុប ផន ដែលត្រូវសម្តេចក្រុមព្រះបណ្តេញចេញពីបក្ស បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់ព្រះអង្គ។

ពាក្យបណ្តឹងរបស់ សមាជិកទាំង៥នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ការសម្រេចបណ្តេញពួកគេចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនេះ គឺផ្ទុយទៅនឹងលក្ខន្តិកៈគណបក្ស ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ពួកគេ និងអយុត្តិធម៌។ សមាជិកហ្វ៊ុនស៊ិនប៉ិច ដែលរងការបណ្តេញចេញទាំងនោះ បានស្នើឱ្យតុលាការជួយរកយុត្តិធម៌ដល់ពួកគេ និងផ្តល់ភាពជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ដល់ពួកគេវិញ។

សម្តេចក្រុមព្រះ បានមានបន្ទូលបន្ថែមថា «នរណាប្តឹងអីក៏ប្តឹងទៅ គឺជាសិទ្ធិរបស់គេ ប៉ុន្តែខ្ញុំមានយោបល់មួយ ក្នុងនាមខ្ញុំព្រះករុណាខ្ញុំជាប្រធាន នៃគណបក្សហ្វ៊ុនស៊ិនប៉ិច អត់ឱ្យមានការបែកបាក់គ្នាទេ ការរួបរួមគ្នាគឺល្អជាង បើមានអ្វីត្រូវដោះស្រាយបញ្ហាផ្ទៃក្នុង កុំស្អីឡើងតុលាការ»។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាបក្សទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី១ ដែលរៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ ធ្លាប់រងនូវភាពជូរចត់បែកបាក់ជាចំណែកៗ។ ដោយសារតែការបែកបាក់នេះហើយ បានជាគណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានពី៥៨អាសនៈនៅក្នុងបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី១ បានបាត់បង់អាសនៈរដ្ឋសភាបន្តិចម្តងៗក្នុងអាណត្តិបន្តបន្ទាប់ រហូតដល់អត់ទាំងស្រុងនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣។

ប៉ុន្តែទោះជាយ៉ាងនេះក្តី តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានធ្វើវិសោធនកម្មកាលពីអំឡុងខែតុលា ឆ្នាំ២០១៧នោះ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបែងចែកឱ្យទទួលអសនៈរដ្ឋសភាចំនួន៤១ឡើងវិញ ដែលជាអសនៈទំនេរ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ៕