(ភ្នំពេញ)៖ នៅរាជធានីភ្នំពេញមានយានដ្ឋានជួលជុលរថយន្តជាង៨០០កន្លែង ហើយក្នុងចំណោមយានដ្ឋានទាំងនេះ ប្រសិនបើរកឃើញថា មានទីតាំងដែលប្រកបរបរអាជីវកម្មលួចតទ្រុងនោះ អាជ្ញាធររាជធានី នឹងបិទអាជីវកម្មទីតាំងនោះតែម្តង។ នេះជាវិធានការថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំថា ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានី បានដាក់ចេញជាវិធានការយ៉ាងច្រើន ក្នុងនោះពាក់ព័ន្ធ នឹងករណីកាត់រថយន្តតទ្រុង តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការងារនេះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា ចាប់ពីម៉ោង០០ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានការចូលរួមពីកងរាជអាវុធហត្ថ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខណ្ឌទាំង១២ បានបង្កើតក្រុមការងារចំនួន១៦គោលដៅ ចុះធ្វើការត្រួតពិនិត្យរថយន្តធុនធំ ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ហើយរហូតមកដល់យប់ថ្ងៃ១៣ ខែកុម្ភៈនេះ ឃាត់បានរថយន្តចំនួន២៦៦៣គ្រឿង ក្នុងនោះមានចំនួន១៣០គ្រឿង គឺជារថយន្តដែលខុសលក្ខណៈខុសបច្ចេកទេស ហើយត្រូវបានអាជ្ញាធរ និងក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឃាត់ទុក និងកំពុងតែកាត់ទម្លាក់ទ្រុង ខណៈទីតាំងដែលមានលក្ខណៈខុសបច្ចេកទេស ដូចជា តខុស តលើសបន្ថែមផ្សេងៗជាដើម ត្រូវកាត់ចោលជាបណ្តើរៗហើយ។
លោកបន្តថា ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេទេសនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានដាក់បន្ថែមឲ្យមានក្រុមការងារចល័ត នឹងដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការរង់ចាំក្រោយពីទទួលបានដំណឹងពីអាជ្ញាធរខណ្ឌទាំងអស់ អំពីការឃាត់បាននូវរថយន្តខុសបច្ចេកទេស ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ បានទាមទារឲ្យមានក្រុមការងារជំនាញ ដើម្បីចុះទៅពិនិត្យថា តើរថយន្តដែលខុសនោះមានកម្រិតណា ហើយត្រូវកាត់និងត្រូវទម្លាក់ទ្រុង កាត់តទ្រុងនោះចោលកន្លែងណានោះ។ អីចឹងក្រុមការងារចល័តនោះ នឹងចុះទៅធ្វើការងារនេះផ្ទាល់តែម្តង។
លោកបញ្ជាក់ថា «ក្រុមការងារចល័តនេះ គឺជាក្រុមការងារថ្មីដែលដាក់បន្ថែមលើក្រុមការងារ តាមគោលដៅទាំង១៦នោះ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ចោលរថយន្តតទ្រុងខុសបច្ចេកទេស មិនឲ្យមានចរាចរក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងយុទ្ធនាការនេះ គឺគ្រប់យានដ្ឋានជួសជុលរថយន្ត យានដ្ឋានតទ្រុងរថយន្តដែលអាជ្ញាធរក្តាប់បាន នឹងត្រូវចុះទៅបិទជាបន្ទាន់»៕