(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ចំពោះការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី១៦ម៉ែត្រ និងទូកុងតឺន័រដែលមានប្រវែង៤៥ហ្វឺត បន្ទាប់ពីមានការចាប់រថយន្តកុងតឺន័រមានប្រវែងលើច្បាប់កំណត់ កន្លងមកថ្មីៗនេះ។
យោងតាមលិខិតស្នើសុំរបស់ GMAC ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញពីការលំបាករបស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបនៅកម្ពុជា អំពីភការប៉ះពាល់ដល់ការនាំចេញ ដោយសារតែការចាប់រថយន្តកុងតឺន័រ។
លិខិតរបស់ GMAC បានឲ្យដឹងថា GMAC បានទទួលនូវសេចក្តីរាយការណ៍ពីសំណាក់សមាជិកជាច្រើន អមដោយក្តីកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធ នឹងបញ្ហារថយន្តដឹកជញ្ជូន ដែលមានប្រវែងលើស១៦ម៉ែត្រ និងកុងតឺន័រប្រវែង៤៥ហ្វឺត។ រថយន្ត និងកុងតឺន័រទាំងនោះជាច្រើនត្រូវ បានចាប់ឃាត់ទុកស្របច្បាប់ដោយអាជ្ញាធរ នាំទៅដល់ការរាំងស្ទះ នៃកង្វល់ផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្មក៏ដូចជា ការនាំចេញ។ បញ្ហានេះ បង្កជាការគំរាមកំហែងថ្មីមួយទៀត ដល់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលកំពុងតែប្រឈម និងការប្រកួតប្រជែងខ្លាំងលើទីផ្សារពិភពលោក និងពេលវេលាផលិតផលដែលអ្នកបញ្ជាទិញដាក់ឲ្យដែលកាន់តែខ្លីទៅៗ។
GMAC បានបញ្ជាក់ថា តាមការប៉ាន់ស្មានលើតួលេខ នៃប្រភេទកុងតឺន័រ និងលក្ខខណ្ឌរបស់រថយន្តបច្ចុប្បន្នដែលកំពុងផ្តល់សេវាដល់វិស័យឯកជនផ្នែកនាំចេញ-នាំចូល ការអនុវត្តតាមច្បាប់ជាធរមាន តឹងរឹងដូចក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់៥០ភាគរយ នៃកម្មភាពនាំចេញ នាំចូលរបស់រោងចក្រ ប្រសិនបើមិនមានជម្រើសបណ្តោះអាសន្នណាមួយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្នុងរយៈពេលនេះទេ។
ពាក់ព័ន្ធករណីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មន្ត្រីជំនាញរបស់លោក មិនបានកាត់ទូកុងតឺន័រនោះទេ ពោលគ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីអះអាងថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកអូស ឬដឹកទូកុងតឺន័រទាំងនេះ ទើបធ្វើឲ្យមានការលើសប្រវែង ដែលខុសនឹងច្បាប់ចរាចរណ៍នៅកម្ពុជា តែបើប្រើក្បាលដឹក និងអូសខ្លីមិនមានបញ្ហាចោទនោះឡើយ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនកាត់កុងតឺន័រទេ យើងបានវាស់ពីក្បាលខាងមុខ ទៅខាងក្រោយ ហើយក៏គូសគំនូសបញ្ជាក់ថា កុងតឺន័រហ្នឹងទាំងក្បាលទាំងអីទៅវាលើស១៦ម៉ែត្រ។ សូមជម្រាបថា ក្នុងច្បាប់យើងឲ្យ១៦ម៉ែត្រ ហើយខ្នាតអន្តរជាតិ ប្រទេសណា ដែលមានផ្លូវពីរគន្លង គឺគេឲ្យ១៦ម៉ែត្រកន្លះ កុងតឺន័រ ៤៥នេះ បានដែរប្រសិនណាយើងយកក្បាលខ្លី ដឹកបានវាស់ទៅ វាជិត១៦ម៉ែត្រ ឬលើសបន្តិចបន្តួចក៏យើងអនុញ្ញាតដែរ។ ប៉ុន្តែផ្នែកឯកជនមួយចំនួននៅតែមានៈ គាត់យកក្បាលវែងរបស់អាមេរិកមកអូស មកដឹក ដល់ដឹកទៅវាលើសដល់ ១៨ម៉ែត្រខុសខ្នាតអន្តរជាតិចំពោះផ្លូវពីរគន្លងផង ធ្វើឲ្យកកស្ទះចរាចរណ៍ផង និងខុសច្បាប់ចរាចរណ៍ផង»។
សូមបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធទូទាំងរាជធានី ខេត្តកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស បន្ទាប់ពីការដាក់ចេញបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅនេះ។ ការដាក់ចេញបទបញ្ជានេះ ក៏ព្រោះតែសម្តេចមើលឃើញថា រថយន្តតទ្រុងខុសបច្ចេកទេសទាំងនេះ បង្កជាគ្រោះថ្នាក់ចរាចរ និងធ្វើឲ្យខូចផ្លូវដែលខិតខំកសាងដោយរាជរដ្ឋាភិបាលជាដើម៕