(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញប្រកាសតែងតាំងលោក គង់ សេរីវុធ ជាប្រធានមន្ទីរប្រៃណីយ៍ខេត្តស្វាយរៀងថ្មី ជំនួសលោក គឹម ឈន ប្រធានមន្ទីរចាស់ ដែលត្រូវតម្លើងជាប្រឹក្សាក្រសួងវិញ។
ក្នុងពិធីប្រកាសតែងតាំងនេះ មានការចូលរួមមពីសំណាក់លោក ហ៊ូ វតនៈ អភិបាលរង នៃគណអភិបាលខេត្តស្វាយរៀង, លោក លោកស្រី មន្ត្រីរាជការស៊ីវិលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
លោក ត្រាំ អ៊ីវតឹក បានរំលឹកណែនាំប្រធានមន្ទីរប្រៃណីយ៍ថ្មី ត្រូអនុវត្តការងារឲ្យស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនតែប៉ុណ្ណោះ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សុំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។
លោកទេសរដ្ឋមន្ដ្រី ក៏ផ្ដាំផ្ញើចំពោះលោកប្រធានមន្ទីរ ដែលត្រូវបានក្រសួង ប្រកាសតែងតាំងនៅពេលនេះ ក៏ដូចជា ប្រធាន អនុប្រធានការិយាល័យ និងមន្ដ្រីរាជការទាំងអស់ នៅក្នុងមន្ទីរ ត្រូវបន្ដខិតខំបំពេញការងារ ឲ្យបានល្អប្រសើរមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងក៏ដូចជា បណ្ដាអង្គភាព ដែលស្ថិតនៅក្រោមឱវាទរបស់ខេត្តស្វាយរៀង ទាំងមូលឲ្យបានទូលំទូលាយ និងទទួលបានដោយជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ ឲ្យជាពិសេសលើវិស័យការងារផែនការក៏ដូចជាវិស័យស្ថិតិ៕