(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្ដែពេលមកដល់ស្រុកខ្មែរបាន២ថ្ងៃ រូបគេមិនបានផ្ដល់ដំណឹង ឬទំនាក់ទំនងទៅក្រុមគ្រួសាររបស់ខ្លួននោះឡើយ ធ្វើឲ្យក្រុមគ្រួសារនៅឯខេត្តគ័ងចូវ ប្រទេសចិន ព្រួយបារម្ភ និងភ័យស្លន់ស្លោរ រហូតទាក់ទងប្ដឹងមកស្ថានទូតចិន ប្រចាំកម្ពុជាជួយអន្ដរាគមន៍។
ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា តាមពិតទៅបន្ទាប់ពីបើកការស្រាវជ្រាវ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចជំនាញរបស់លោកបានរកឃើញបុរសជនជាតិចិន វ័យ២៣ឆ្នាំរូបនេះ ដើរលេងសប្បាយនៅក្នុងប្រទេសកម្ពុជា ពុំមានបញ្ហាអ្វីកើតឡើងនៅលើខ្លួនរបស់គេនោះឡើយ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ក្រោយមានពាក្យបណ្ដឹងពីស្ថានទូតចិន ចំពោះករណីនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យខ្ញុំ សហការជាមួយនាយកដ្ឋានជំនាញ ស្នងការនគរបាលខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលជាទិសដៅបុរសជនជាតិចិននេះ ធ្វើដំណើរទៅ រហូតរកឃើញ ហើយក៏បានចាត់ចែង និងចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ តាមជើងយន្ដហោះ HU771»។
បើតាមប្រធាននាយកដ្ឋានរូបនេះ បុរសជនជាតិចិនមកពីខេត្តគ័ងចូវ បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅដើរលេងកម្សាន្ដនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយរូបគេមិនបានទាក់ទងទៅក្រុមគ្រួសារ រហូតធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួននៅឯស្រុកចិន ព្រួយបារម្ភរហូតប្ដឹងមកស្ថានទូតចិន នៅកម្ពុជាតែម្ដង។
ចំពោះករណីនេះ លោកឧត្តមសេនីយ៍ សូមអំពាវនាវទៅកាន់ជនជាតិចិនទាំងឡាយ ទាំងភ្ញៀវទេសចរ ក៏ដូចជា អ្នករកស៊ីនៅកម្ពុជា សូមកុំមានការយល់ច្រឡំ និងកុំព្រួយបារម្ភពាក់ព័ន្ធ ទៅនឹងបញ្ហាសន្ដិសុខទូទៅនៅកម្ពុជា ដែលពោរពេញទៅដោយសុខសន្ដិភាព នៅគ្រប់ទីកន្លែង ជាពិសេសបើសិនមានបញ្ហាអ្វីមួយជាយថាហេតុនោះ អាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋាន នឹងជួយអន្ដរាគមន៍ភ្លាមៗជាក់ជាមិនខានឡើយ។
ការថ្លែងអំពាវនាវរបស់មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ ក៏ដោយសារការព្រួយបារម្ភខ្លះ និងព័ត៌មានស្ដីពីការបាត់ខ្លួនបុរសជនជាតិចិនរូបនេះ ត្រូវបានបាចសាចទៅកាន់ជនជាតិចិនផ្សេងទៀត នៅក្នុងប្រទេសចិន ព្រមទាំងមានការចុះផ្សាយព័ត៌មានទៀតផង៕