(ភ្នំពេញ)៖ បន្ទាប់បានប្រើកណ្ដាប់ដៃដែកដ៏មានឥទ្ធិពលរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចាប់រថយន្ដតទ្រុងខុសលក្ខណៈបច្ចេកទេសនោះ គេសង្កេតឃើញថា មន្ដ្រីអ្នកអនុវត្តច្បាប់បាន និងកំពុងនូវបទបញ្ជានេះ យ៉ាងផុសផុលបំផុត ហើយនឹងត្រូវធ្វើជាបន្ដបន្ទាប់ផងដែរ។
តួរលេខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ដោយគិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ មានរថយន្ដជាង១ម៉ឺនគ្រឿង ត្រូវបានចាប់ត្រួតពិនិត្យ ដោយក្នុងនោះ២៨៧គ្រឿងបានកាត់ទ្រុង, ១៦២គ្រឿងត្រូវបានរុះរើ និងដោះទ្រុងដែលរៀបចំតខុសបច្ចេកទេស និង៣២១គ្រឿងត្រូវបានចាប់ទុករៀបចំកាត់ជាបន្ដបន្ទាប់។
យ៉ាងណាមិញ សម្រាប់តួរលេខខាងលើនេះ មិនទាន់មានចំនួនពេញលេញនៅឡើយទេ ដោយហេតុថាអាជ្ញាធរ និងសមត្ថកិច្ចនៅទូទាំងប្រទេស បាននិងកំពុងបើកប្រតិបត្តិនេះជាបន្ដបន្ទាប់។
សូមជម្រាបថា បន្ទាប់ពីឃើញហានិភ័យ នៃគ្រោះថ្នាក់ចរាចរលើដងវិថី និងការបំផ្លាញផ្លូវមកពីការដឹកលើសទម្ងន់ របស់រថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេសនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាជាថ្មី ឲ្យចាត់វិធានការដ៏តឹងរឹងបំផុត ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសទាំងនេះ។ ពោលចាប់ពីត្រឹមម៉ោង ១២៖០០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ គ្រប់រថយន្តតទ្រុងមិនអាចធ្វើចរាចរលើដងវិថីបានឡើយ ហើយបើធ្វើចរាចរកន្លែងណា ត្រូវចាប់កាត់កន្លែងនោះ។
ក្រោយបទបញ្ជានេះ មន្ត្រីគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី-ខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំចាប់កាត់រថយន្តតទ្រុងខុសបច្ចេកទេសទាំងនោះ ហើយក៏មានម្ចាស់រថយន្តខ្លះ បានយករថយន្តទៅកាន់ទ្រុងដោយខ្លួនឯងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ប្រតិបត្តិការកាត់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មិនមានការដកថយនោះឡើយ ហើយទឹកដីណា គឺថ្នាក់ដឹកនាំនៃខេត្តនោះជាអ្នកចាត់ការមិនចាំបាច់ក្រសួងសាធារណការនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យពិនិត្យមើលយានដ្ឋានទាំងឡាយណា ដែលនៅបន្តកែច្នៃរថយន្ត ឬ តទ្រុងរថយន្តខុសច្បាប់នេះផងដែរ បើមិនគោរពតាមច្បាប់ទេ គឺបិទចោលតែម្តងទៅ។
បើទោះបីជាការអនុវត្តន៍ចំណាត់ការនេះ កំពុងមានភាពសកម្មភាពយ៉ាងណាក្តី តែសម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញចម្ងល់ថា តើមន្ត្រីពាក់ព័ន្ធ កំពុងតែអនុវត្តន៍ច្បាប់ ឬអនុវត្តន៍បទបញ្ជារបស់សម្តេច។ ចម្ងល់បែបនេះ ក៏ដោយសារតែច្បាប់ចាត់វិធានការលើរថយន្តតទ្រុងនេះ មានហើយហេតុអ្វី មន្ត្រីមិនអនុវត្តន៍ រង់ចាំដល់មានបទបញ្ជារបស់សម្តេចទើបអនុវត្តន៍ទៅវិញ។ សម្តេចតេជោថា ការរងចាំអនុវត្តន៍តែបទបញ្ជា មិនព្រមអនុវត្តន៍ច្បាប់ ជារឿងគ្រោះថ្នាក់មួយសម្រាប់ប្រព័ន្ធគ្រប់គ្រង និងការដឹកនាំរដ្ឋ៕