(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជោគជ័យលើការដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥។
សម័យប្រជុំនេះ ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដែលជាលទ្ធផល សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភានៃកម្ពុជា ធ្វើការអនុម័តយល់ព្រម ក្នុងសម្លេងគាំទ្រចំនួន១២១សំឡេង។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនេះ មានគោលបំណង សម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (កម្ពុជាមាន៤ខេត្ត គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ឡាវ មាន ៤ខេត្ត និងវៀតណាម មាន៥ខេត្ត) ដែលជាមធ្យោបាយមួយក្នុងការបង្រួម គម្លាតអភិវឌ្ឍន៍រវាងតំបន់ត្រីកោណ និងតំបន់ដទៃទៀត។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដូចខាងក្រោម៖
ទី១៖ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម
ទី២៖បង្កើតបរិយាសធុរកិច្ចល្អប្រសើរ
ទី៣៖ សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ
ទី៤៖ បង្កើនលក្ខខណ្ឌអនុគ្រោះដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។
គួររំលឹកថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដោយចាត់ទុកជាការប្រញាប់។
បន្ទាប់ពីរដ្ឋសភាបានអនុម័តយល់ព្រមរួចហើយនោះ កិច្ចព្រមព្រៀងនឹងត្រូវបញ្ជូនទៅព្រឹទ្ធិសភា ដើម្បីពិនិត្យ និងអនុម័តតាមនីតិវិធីនាពេលខាងមុខដ៏ខ្លី៕