(បាត់ដំបង)៖ ទោះបីជាវិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងណា ក៏មាននៅតែជួបប្រទះ នូវបញ្ហាប្រឈមនានាជាច្រើនផងដែរ ដែលបញ្ហាប្រឈមទាំងនោះ វាបានបង្កការលំបាកដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងចាញ់បោកការឃោសនានានា ដើម្បីបញ្ចៀសនូវរាល់បញ្ហាទាំងនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានស្នើសូមឲ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ជា ចាន់តូ ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាថា បច្ចុប្បន្ននេះវិស័យហិរញ្ញវត្ថុកំពុងជួបប្រទះ បញ្ហាប្រឈមរួមមាន៖ ប្រជាពលរដ្ឋយល់ច្រឡំថា វិស័យមីក្រូហិរញ្ញវត្ថុ ជាអន្ទាក់ធ្វើឲ្យពលរដ្ឋជាបបំណុលវ័ន្ដក។ ក្នុងនោះក៏មានជនខិលខូច ឃោសនាឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានរដ្ឋ ដោយប្រជាពលរដ្ឋខ្ចីលុយដោយមិនចាំបាច់សង មួយវិញទៀតពាក់ព័ន្ធនឹងការឃោសនាឲ្យពលរដ្ឋ យកប្រាក់ទៅដាក់សន្សំ នឹងទទួលបានការប្រាក់ខ្ពស់ជាដើម។
លោកបានបញ្ជាក់ទៀតថា មានបញ្ហាជាច្រើនទៀតដែលវិស័យមីក្រូហិរញ្ញវត្ថុ កំពុងតែជួបប្រទះជារៀលរាល់ថ្ងៃ ហើយដើម្បីបញ្ចៀសនូវរាល់បញ្ហាទាំងអស់នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលការណ៍ចម្បងៗចំនួន៤ចំណុចដើម្បីសំណមពរ ក៏ដូចជាស្នើទៅដល់គ្រប់ភាគីពាក់ព័ន្ធរួមមាន៖
១៖ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច៖ រួមគ្នាជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីប្រភពស្របច្បាប់នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងការគោរពតាម កាតព្វកិច្ចសង់ប្រាក់កម្ចី និងទប់ស្កាត់កុំឲ្យចាញ់បោកការឃោសនារបស់ជនខិលខូចនានា។ បន្ដតាមដានឲ្យបានច្បាស់លាស់ និងម៉ត់ចត់មុននឹងចេញលិខិតបញ្ជាក់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។
២៖ ធនាគារជាតិ បានបន្តដាក់ចេញក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ដោយត្រូវថ្លឹងថ្លែងប្រកបដោយសមភាព និងធ្វើសុខដុមនីយកម្មក្របខណ្ឌគតិយុត្តិ និងពង្រឹងប្រសិទ្ធភាពអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិនានា។ តាមដាន និងចាត់វិធានការចំពោះអ្នកផ្ដល់ប្រាក់កម្ចីពុំមានច្បាប់ និងជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ បន្តពង្រឹងកិច្ចគាំពារអតិថិជន តាមរយៈការបំរើសេវាទូរស័ព្ទ Hotline ដែលមាននៅទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា នៅរាជធានីភ្នំពេញ ចំនួន៥ខ្សែ និងនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចំនួន២១ខ្សែទៀត សម្រាប់សាធារណជនទំនាក់ទំនង ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
៣៖ ស្នើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ៖ ជួយកំណត់គោលនយោបាយ និងដាក់ចេញនូវវិធានការណ៍តឹងរឹង ចំពោះមន្រ្តី និងបុគ្គលិកគ្រប់រូប ដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រឹះស្ថាន។ ត្រូវអនុវត្តតាមការកំណត់ អត្រាការប្រាកឥណទាន១៨ភាគរយ ឲ្យប្រកបដោយប្រសិទ្ធភាព ត្រូវផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ ទទួលខុសត្រូវ និងការប្រកួតប្រជែងដោយតម្លាភាព ស្រប់តាមប្រកាសនានា របស់ធនាគារជាតិនៃកម្ពុជា និងក្រមប្រតិបត្តិរបស់គ្រឹះស្ថាន ដូចជាពង្រឹងការអនុវត្តតាមគោលការណ៍ នៃកិច្ចការពារអតិថិជនរបស់ SMART Campaign ផងដែរ។
៤៖ ស្នើដល់អតិថិជន៖ ឲ្យចេះប្រើប្រាស់កម្ចីចំគោលដៅ ដើម្បីបង្កើតចំណូលមកវិញ ត្រូវតែដឹងច្បាស់អំពីកាតព្វកិច្ចប្រាក់កម្ចី ពោលគឺថាបើខ្ចីប្រាក់ ត្រូវតែមានកាតព្វកិច្ចសងប្រាក់កម្ចីនោះវិញ បើពុំដូច្នោះទេ នឹងបាត់បង់ឱកាសក្នុងការទទួល បានប្រាក់កម្ចីលើកក្រោយៗទៀត។ ចេះប្រៀបធៀបអត្រាការប្រាក់កម្ចី រវាងគ្រឹះស្ថានមួយទៅមួយ និងពិនិត្យលក្ខខណ្ឌខ្ចីបា្រក់ឲ្យបានយល់ដឹងច្បាស់ មុននឹងសម្រេចចុះហត្ថលេខា ឬផ្តិតមេដៃទទួលបា្រក់កម្ចី។
មួយវិញទៀតត្រូវ ចៀសវាងដាច់ខាតក្នុងការខ្ចីបា្រក់ ពីឈ្មួញខ្ចីចងការប្រាក់ ឬអ្នករកស៊ីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលគិតការបា្រក់ខ្ពស់និងកេងប្រវ័ញ្ច ចៀសវាងការខ្ចីពីកន្លែង១ទៅសង់កន្លែង១ និងពុំត្រូវជឿលើការឃោសនាបោកប្រាស់របស់ជនខិលខូចនោះឡើយ។
លោក ជា ចាន់តូ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែក អនុវត្តន៍តាមគោលការណ៍ស្នើសូមនេះបានដោយរលូន និងត្រឹមត្រូវ៕