(ស្វាយរៀង)៖ ប្រជាពលរដ្ឋ៩នាក់ ដែលមានបញ្ហាសុខភាព ក្រោយកាយប៉ះអាវុធគីមីរបស់អាមេរិក នៅក្នុងចំការដំឡូងកាលពីម្សិលមិញ នៅថ្ងៃនេះ ស្ថានភាពជំងឺរបស់ពួកគាត់ធូរស្បើយហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅឡើយនោះទេ ព្រោះនៅតាមដានអាការៈបន្តទៀត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ឲ្យដឹងថា «អ្នកជំងឺទាំង៩នាក់ បានធូរស្រាលអស់ហើយ ហើយថ្ងៃនេះគ្មានអ្នកជំងឺថ្មីចូលមន្ទីរពេទ្យឡើយ។ ក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យ ប្រជាពលរដ្ឋទាំងនោះ ចេញពីមន្ទីរពេទ្យនៅឡើយទេ ដែលរង់ចាំតាមដានបន្ថែមទៀតសិន»។
គួររំលឹកថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៩នាក់ ក្នុងនោះ៨នាក់ជាស្ត្រី និងម្នាក់ជាបុរស បានសម្អាតស្មៅក្នុងចំការដំឡូងរបស់ពួកគាត់ ក៏កាយប៉ះត្រូវអាវុធគីមីអាមេរិក ដែលបន្សល់ទុកនៅលើទឹកដីខ្មែរ កាលពីសម័យសង្គ្រាម បណ្តាលឲ្យមានបញ្ហាសុខភាព ថប់ដង្ហើម និងរមាស់លើរាងកាយ ត្រូវបានរថយន្តរបស់ស៊ីម៉ាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក រមាសហែក ខេត្តស្វាយរៀង។
អាវុធគីមីជាច្រើនទីតាំង ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីជំនាញប្រទះឃើញ នៅក្នុងភូមិសាស្ត្រភូមិគគីរ ទីដែលអាមេរិកទម្លាក់គ្រាប់បែករដ៏ច្រើនសន្ធឹកសន្ធាប់ ហើយប្រជាពលរដ្ឋជាង១០០នាក់ហើយ ត្រូវបានរកឃើញថា រងគ្រោះដោយសារអាវុធគីមីនេះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមីបានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះ។
របាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕