(ភ្នំពេញ)៖ ត្រឹមរយៈពេលតែមួយព្រឹកប៉ុណ្ណោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អង្គប្រជុំវិសាមញ្ញរដ្ឋសភា បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ក្នុងនោះមានវិសោធនកម្មរដ្ឋធម្មនុញ្ញ, សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាមផងដែរ។
កិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិករដ្ឋសភា១២៣រូប ព្រមទាំងមានតំណាងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ឡើងបកស្រាយការពារសេចក្តីព្រាងរបស់ខ្លួនផងដែរ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគេឃើញបង្ហាញវត្តមានដ៏កម្រមួយ នៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃនេះ។
សេចក្តីព្រាងធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រា ត្រូវបានរដ្ឋសភាអនុម័ត នៅវេលាម៉ោង៩៖០០នាទីព្រឹក បន្ទាប់មកក៏អនុម័តសេចក្តីព្រាងច្បាប់ វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ចំពោះការប្រមាថព្រះមហាក្សត្រ នៅម៉ោង៩៖៥០នាទី, អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ នៅវេលាម៉ោង១០៖៣០នាទីព្រឹក និងអនុម័តបន្តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម ដែលជារបៀបវារៈចុងក្រោយ នៅវេលាម៉ោង១១៖១៥នាទីព្រឹក រួបប្រកាសបិទអង្គប្រជុំតែម្តង។
សេចក្តីព្រាងច្បាប់ទាំង៤នេះ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការនៃសភាពការណ៍ជាក់ស្តែងរបស់ប្រទេសកម្ពុជា និងបំពេញដល់ភាពខ្វះចន្លោះកន្លងមក។
សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជាដើម។ ក្នុងចំណោម៥មាត្រានោះ មានមាត្រាចំនួន២ ត្រូវបានរដ្ឋាភិបាល ផ្លាស់ប្តូរពាក្យ និងដកពាក្យ ហើយមាត្រា៣ទៀត នៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួនទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងការប្រឆាំងនឹងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
មាត្រា៣៤ថ្មី(មួយ) កថាខណ្ឌទី៥ នៃសេចក្តីព្រាង រដ្ឋាភិបាលបានប្តូរពាក្យ «បន្ថយ» ទៅជា «ដក»។ ក្នុងមាត្រា៣៤ថ្មី(មួយ)កថាខណ្ឌទី៥ នៃសេចក្តីព្រាងសរសេរថា បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់។ មាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២ នៃសេចក្តីព្រាង រដ្ឋាភិបាលបានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់។ ក្នុងមាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២ នៃសេចក្តីព្រាងសរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។
ជាមួយគ្នានេះ មាត្រា៤២ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀត ថា «គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ មាត្រា៤៩ថ្មី នៃសេចក្តីព្រាង រាជរដ្ឋាភិបាល បានបន្ថែមមួយកថាខណ្ឌទៀតថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ចំណែកឯក្នុងមាត្រា៥៣ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀតថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ»។
ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាបន្ថែមមាត្រាថ្មីមួយប៉ុណ្ណោះ គឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ។ ខ្លឹមសារជារួមនៃមាត្រាថ្មីនេះ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
រីឯការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញវិញ គឺដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះត្រូវបានកំណត់ថា ជាសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើក ដែលនាំឱ្យសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានការប្រែប្រួលខ្លះៗទៅតាមការកំណត់របស់ច្បាប់នេះ ដែលទាមទារឲ្យមានការធ្វើវិសោធនកម្ម ទៅលើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លើយតបនឹងបរិការណ៍ខាងលើ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានអនុម័ត និងប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧។ បន្ថែមជំពូកទី១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៥ បានជំរុញឱ្យរដ្ឋសភា និងព្រឹទ្ធសភាអនុម័តច្បាប់ថ្មីៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
សមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការពិនិត្យ និងសម្រចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការពាក់ព័ន្ធជាមួយនឹងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបទបញ្ញត្តិនៃច្បាប់នេះ បានពន្លាតសមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យ និងសម្រេចទៅលើបណ្ដឹងរបស់បុគ្គល ដែលទទួលរងឥទ្ធិពលពីសេចក្ដីសម្រេចអំពីទណ្ឌកម្មដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម៉្យាងទៀត ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជកក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញលែងមានសមត្ថកិច្ចសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃបដិសេធ មិនព្រមចុះបញ្ជីគណបក្សនយោបាយទៀតហើយ៕