(តាកែវ)៖ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវនិងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៏ខេត្ត បានធ្វើការព្រមានចំពោះមន្រ្តីខេត្តតាកែវ ដែលបានចូលរួមត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដឹកសំពីងសំពោងនិងរថយន្តតទ្រុងខុសបញ្ចេកទេសនៅតាមដងផ្លូវ ដោយហាមមិនអោយប៉ះពាល់រឿងលុយកាក់នោះទេ។
ការព្រមានរបស់លោកអភិបាលរងខេត្តតាកែវ បន្ទាប់ពីលោកអភិបាលស្រុកត្រាំកក់បានលើកឡើងថា មានមន្រ្តីនមួយចំនួននៅក្នុងគណៈកម្មាធិការចម្រុះរបស់ខេត្តដែលចុះត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសនៅតាមផ្លូវជាតិលេខ៣ បានយកលុយពីម្ចាស់រថយន្តជាថ្នូរនឹងការមិនឃាត់រថយន្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំអនុវត្តន៏ការងារចុះត្រួតពិនិត្យរថយន្តកន្លងមករបស់អាជ្ញាធខេត្តតាកែវ នៅសាលាខេត្តតាកែវកាលពីរសៀលម្សិលមិញ លោកអភិបាលរងខេត្តតាកែវបានថ្លែងថា ខ្ញុំហាមដាច់ខាតចំពោះមន្រ្តីពាក់ព័ន្ធទៅនិងរឿងយកលុយពីម្ចាស់រថយន្តខុសច្បាប់ទាំងអស់នោះ។ ហើយកុំយកលេសថា យកលុយទិញទឹកសុទ្ធ! លុយថ្លៃទឹកសុទ្ធខ្ញុំជាអ្នកទិញឲ្យផឹក។
លោកអភិបាលរងខេត្តបានបន្តថា បើមានមន្រ្តីណាប្រព្រឹត្តរឿងយកយកលុយពីរថយន្តខុសច្បាប់នេះតទៅទៀត វានិងធ្វើអោយការងារចុះត្រួតពិនិត្យរថយន្តនេះបរាជ័យជាក់ជាពុំខាន ដូច្នោះយើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើការងារចុះត្រួតពិនិត្យរថយន្តខុសបញ្ចេកទេសដែលបើករនៅលើផ្លូវក្នុងខេត្តតាកែវឲ្យបានជោគជ័យតាមអនុសាសន៏ណែនាំរបស់សម្ដេចតេជោ៕