(សៀមរាប)៖ ពិធីផ្សព្វផ្សាយ អំពីការទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០១៨» សម្រាប់ក្រុងសៀមរាប ត្រូវរៀបចំដង្ហែក្បួននៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងអធិបតីភាពរបស់លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម គរុសិស្ស សិស្ស សេវាករដែលទទួលជ័យលាភីពានរង្វាន់ ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋទាំង១២សង្កាត់ សរុបប្រមាណ៤,០០០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប និងចំណាប់អារម្មណ៍ និងបើកកម្មវិធីក្បួនដង្ហែរបស់លោកអភិបាលខេត្ត រួចមក ដំណើរនៃក្បួនដង្ហែបានចេញដំណើរពីរដ្ឋបាលសាលា ខេត្តសៀមរាប ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
ការដង្ហែជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨» សម្រាប់ក្រុងសៀមរាប បានរំលេចទៅដោយ ទង់ជាតិខ្មែរ, ទង់ជាតិអាស៊ាន និងបដាដែលមានពាក្យស្លោក ក្នុងន័យ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨, ទីក្រុងស្អាត, ទីក្រុងផ្ដល់ភាពកក់ក្ដៅដល់ការរស់នៅរបស់ប្រជាជន, ទីក្រុងស្អាតដើម្បីយើងទាំងអស់គ្នា, ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់នៃភាពស្អាត និងភាពបៃតងនៅតាមទីក្រុងរបស់ខ្លួន, ពលរដ្ឋគំរូចូលរួមគិតគូរពីបរិស្ថាន និងសោភ័ណភាពទីក្រុង, ការយល់ដឹងអំពីទីក្រុងស្អាត និងបរិស្ថានស្អាតគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា, ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាស្អាត និងកម្ពុជាបៃតង, យុវជនគំរូ ទីក្រុងស្អាត បរិស្ថានល្អ, ទីក្រុងស្អាតជាផលិតផលទេសចរណ៍បៃតង, កម្ពុជា ដំណើរឆ្ពោះទៅកាន់ទីក្រុងស្អាត (Cambodia Go Clean City), ខ្ញុំចង់រស់នៅក្នុងទីក្រុងស្អាត, និងទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន... ជាដើម ។
អភិបាលខេត្តសៀមរាប បានថ្លែងនៅឯពិធីបើកក្បួនដង្ហែនោះថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុងសៀមរាប បានទទួល «ជ័យលាភីក្រុងទេសចរណ៍ស្អាតអាស៊ាន» នៅវេទិការទេសចរណ៍អាស៊ានឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ក្នុងនោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងអាស៊ាន ចំនួន២៣, រង្វាន់សណ្ឋាគារបៃតងអាស៊ាន ដល់សណ្ឋាគារចំនួន៤៧, រង្វាន់បន្ទប់ប្រជុំអាស៊ាន (ប្រភេទក្នុងសណ្ឋាគារ) ដល់សណ្ឋាគារចំនួន ៤៧ និងរង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ដល់គោលដៅទេសចរណ៍ ចំនួន១៧ ក្នុងនោះ និងដោយឡែកសម្រាប់ខេត្តសៀមរាបបានទទួល៖
ទី១៖ សម្រាប់ក្រុងសៀមរាប គឺរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន
ទី២៖ រង្វាន់សណ្ឋាគារបៃតងអាស៊ាន ចំនួន០១ គឺសណ្ឋាគារ រីសត សុខាល័យ អង្គរ (Sokhalay Angkor)
ទី៣៖ រង្វាន់បន្ទប់ប្រជុំអាស៊ាន (ប្រភេទក្នុងសណ្ឋាគារ) ចំនួន០៤ ក្នុងនោះមាន៖ សណ្ឋាគារ រីសត Sokha សៀមរាប និង Convention Center, សណ្ឋាគារ រីសត Sokhalay និង Spa, សណ្ឋាគារ Sofitel Angkor Phukettra, និងសណ្ឋាគារ រីសត Apsara Palace។
លោកបានគូសបញ្ជាក់ថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជា ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ៕