(កោះកុង)៖ អំណាចនៃភ្លើងប្រច័ណ្ឌបុរសចំណាស់ម្នាក់ទាញកាំភ្លើងបាញ់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារប្រច័ណ្ឌជាមួយប្តីដើម រឿងធ្វើមេបាក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍កូនស្រី របស់ប្រពន្ធខ្លួន និងប្តីដើម បានបង្កឲ្យមានភាពភ្ញាក់ផ្អើល នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចព្រហ្មទណ្ឌខេត្ត នៃស្នងការមគរបាលខេត្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង ឲ្យដឹងថា មុនកើតហេតុខាង ស្ត្រីរងគ្រោះបានអញ្ចើញប្តីដើមរបស់គាត់ មកចូលរួមធ្វើជាឪពុកម្តាយមង្គលការកូនស្រី របស់ខ្លួន ក្នុងនាមឪពុកបង្កើតហើយជនរងគ្រោះ ធ្វើជាម្តាយ ដោយជនសង្ស័យមានភាពច្រណែន មិនបានធ្វើមេបាផង ឃើញប្រពន្ធខ្លួនមានភាពស្និតស្នាលជាប្តីដើមផង ក៏កើតការឈ្លោះទាស់ស្តីគ្នាធ្វើឲ្យជនសង្ស័យខឹងខ្លាំង នៅថ្ងៃកើតហេតុ ជនសង្ស័យក៏យកកាំភ្លើង ម៉ាក សេកាសេ ដែលលាក់ទុក បាញ់ប្រពន្ធស្លាប់នៅក្នុងផ្ទះតែម្តង។
សមត្ថកិច្ចព្រហ្មទណ្ឌខេត្ត បានបន្តថា ជនសង្ស័យមានឈ្មោះ សេង បុល អាយុ៥០ឆ្នាំ មានមុខរបរអាលឈើ និងដាក់អន្ទាក់សត្វ ជាអតីតយោធា។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ហ៑ាន ហឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុមុខរបរនៅផ្ទះ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពបាញ់ចំនួន៥គ្រាប់ បាញ់ចោល២គ្រាប់ បាញ់ម៉ូតូ១គ្រាប់ បាញ់ប្រពន្ធខ្លួនឯងត្រូវ២គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញប្រគល់ ឲ្យក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងដុតដៃ ដុតជើងតាមស្វែងរក ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕