(ភ្នំពេញ)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានសហការគ្នាធ្វើសកម្មភាពមនុស្សធម៌ ចំពោះអ្នកធាក់ស៊ីក្លូ តាមរយៈការចែកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ក្នុងទិវានៃសេចក្ដីស្រលាញ់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលនេះជាការបង្ហាញនូវស្មារតីគោរពស្រលាញ់ និងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទូទៅ មិនចំពោះតែអ្នកធាក់ស៊ីក្លូនោះទេ។
សកម្មភាពមនុស្សធម៌នាព្រឹកនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រោមកាចង្អុលបង្ហាញរបស់លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលប្រព្រឹត្តទៅនៅកោះពេជ្រ ដើម្បីបំផុសឲ្យមហាជនងាកមកចាប់អារម្មណ៍ និងចូលរួមគាំទ្រមូលនិធិស៊ីក្លូកម្ពុជា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ជុំ កុសល បានលើកឡើងថា ដោយសង្កេតឃើញកន្លងមក មហាជនមួយចំនួន ពិសេសយុវវ័យបានយល់ច្រឡំអំពីអត្ថន័យថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាវប្បធម៌លោកខាងលិច មកប្រព្រឹត្តរឿងឆ្គាំឆ្គងមួយចំនួន ប្រាសចាកពីវប្បធម៌ប្រពៃណីខែ្មរ ទើបថ្នាក់ដឹកនាំ និងគណៈប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំនូវកម្មវិធីបញ្ជាក់ពីក្តីស្រលាញ់ចំពោះអ្នកធាក់ស៊ីក្លូ ដោយបានរៀបចំកញ្ចប់អាហារ អង្ករសុខភាព ភេសជ្ជៈប៉ូវកម្លាំង ទឹកពិសាបរិសុទ្ធ អាវយឺត និងថវិកាម្នាក់ ១ម៉ឺនរៀល ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងតែចាប់អារម្មណ៍គិតគូរ យកចិត្តទុកដាក់ និងលើកស្ទួយ រហូតបង្កើតជាមូលនិធិស៊ីក្លូ ដើម្បីចូលរួមអភិរក្សស៊ីក្លូកម្ពុជាឲ្យមានចីរភាព សម្រាប់បម្រើដល់វិស័យបរិស្ថាន និងទេសចរណ៍ ព្រមទាំងការចូលរួមលើកកម្ពស់ ជីវភាពអ្នកធាក់ស៊ីក្លូវ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងសម័យសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកប្រធានកិត្តិយសបានបន្តថា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏ចង់បញ្ជាក់ឲ្យឃើញអំពីស្នាមញញឹម និងក្តីសង្ឃឹមរបស់អ្នកធាក់ស៊ីក្លូ ក្រោមដំបូលសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ តាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃ។
លោកបានអំពាវនាវថា ការគោរពស្រលាញ់ពិតប្រាកដនោះ គឺសំដៅទៅលើការជួបជុំ និងការចែករំលែករឿងល្អៗ ព្រមទាំងទឹកចិត្តស្រលាញ់ គោរព ស្មោះត្រង់ ចំពោះក្រុមគ្រួសារ ជីដូន ជីតា ឪពុកម្តាយ បងប្អូន ញាតិមិត្ត ពោលគឺមិនមែនតែថ្ងៃ ១៤ កុម្ភៈ តែមួយនោះទេ គឺប្រជាពលរដ្ឋអាចបង្កើតក្តីស្រលាញ់បានជារៀងរាល់ថ្ងៃ។ ជាក់ស្តែងណាស់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បាននិងកំពុងបង្កើតក្តីស្រលាញ់រាល់ថ្ងៃជាមួយប្រជាពលរដ្ឋទាំងឡាយ ដែលស្រលាញ់សន្តិភាព ស្រលាញ់ការអភិវឌ្ឍ ស្រលាញ់ប្រជាធិបតេយ្យ និងស្រលាញ់ ជឿជាក់លើការដឹកនាំប្រកបដោយការទទួលសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
អង្គុយលើស៊ីក្លូតម្រង់ជួរជាមួយក្រុមអ្នកធាក់ស៊ីក្លូ ជាង៣០០នាក់ទៀត ដោយទឹកមុខញញឹមញញេមផងនោះ លោកតា គង់ សារ៉េត វ័យ៥៥ឆ្នាំ និងលោកតា ចេន ចន វ័យ៦២ឆ្នាំ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះសកម្មភាពមនុស្សធម៌ យកចិត្តដាក់ចំពោះក្រុមអ្នកធាក់ស៊ីក្លូ ពីសំណាស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពនាពេលនេះ។ ពួកគាត់សុទ្ធតែបានគោរពអរគុណ និងជូនពរដល់សម្ដេចតេជោ ហ៊ុន សែន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លោកប្រធាន ជុំ កុសល និងក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ផងដែរ៕