(ភ្នំពេញ)៖ ជឿថាខ្មែរធ្វើបាន! យុទ្ធនាការ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ ៦១ក្រឡា មានពណ៌ដ៏ស្រស់ស្អាត ក្រហមលាយសរ បានបើកត្បាញសរសៃដំបូងហើយ នៅព្រឹកទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលប្រព្រឹត្តទៅ នៅទីតាំងវាលព្រះមេរុ រាជធានីភ្នំពេញ។
លោកបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមចលនា GoGoCambodia ដែលបានបង្កើតយុទ្ធនាការនេះ បានលើកឡើងថា យុទ្ធនាការក្រមា៖ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពកលោក» បានបើកជូនជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការឡើយ ហើយកម្មវិធីនេះ បើកដំណើរការរហូត ទាល់តែយើងត្បាញឲ្យបានគ្រប់១ពាន់ម៉ែត្រ ដូចនេះ សូមបងប្អូនយើងជាកូនខ្មែរ ចូលរួមត្បាញក្រមា ដោយផ្ទាល់ដៃទាំងអស់គ្នា អ្នកណាមកមុន គឺបានត្បាញមុន ដើម្បីការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពកលោក។
ក្រមា ជាអត្តសញ្ញាណជាតិ ជារបស់ប្រើប្រាស់របស់ប្រជាជនទូទៅ ដោយមិនប្រកាន់វណ្ណៈ និន្នាការ ឋានៈសង្គម និងសាសនាឡើយ ហើយវាជារឿងរ៉ាវប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។ គោលបំណងនៃការជ្រើសរើស យកក្រមាមកបំបែកកំណត់ត្រាពិភពលោក ព្រោះក្រមាបង្ហាញពីការតស៊ូអំណត់ និងព្យាយាមរបស់សិប្បករ ក្នុងការត្បាញក្រមានិមួយៗ ព្រមទាំងការឆ្លុះបញ្ចាំង ពីអត្តចរិតពិតរបស់ពលរដ្ឋខ្មែរ ។ ឈានមួយជំហានទៀត យើងទាំងអស់គ្នា នឹងរួមគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ គ្រប់ស្រទាប់វណ្ណៈនាំយក មរតក វប្បធម៌ ប្រពៃណីនេះ ដើម្បីលើកស្ទួយមោទនភាពជាតិតាមរយៈការបង្កើត «ឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក»។
យុទ្ធនាការក្រមា៖ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក» គឺជាសក្ខីភាពមួយក្នុងចំណោមលទ្ធភាព ដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នាក្នុងស្មារតី «ជឿថាខ្មែរធ្វើបាន»។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អាចក្លាយជាចំណែករបស់ យុទ្ធនាការក្រមាបានតាមរយៈ ការចូលរួមត្បាញក្រមា ដែលមានប្រវែងវែងជាងគេលើពិភពលោក ដើម្បីបំបែកកំណត់ត្រាពិភពលោករួមគ្នា, ការចូលរួមជាអ្នកគាំទ្រ តាមរយៈការដើរតួរនាទីជាអ្នកចូលរួមស្ម័គ្រចិត្ត ក៏ដូចជាអ្នកឧបត្ថម្ភជាមួយការបរិច្ចាគសប្បុរសធម៌, ការចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដទៃទៀត ដែលពុំទាន់បានទទួលព័ត៌មានពីយុទ្ធនាការក្រមា ដើម្បីជំរុញឲ្យពួកគេបានចូលរួម, ការចូលរួមជាអ្នករួមចំណែកបង្កើត ច្នៃប្រឌិត ឬរៀបចំសកម្មភាពនានា រួមក្នុងស្មារតី «ជឿថាខ្មែរធ្វើបាន» និងការដើរតួជាទូតសុឆន្ទៈបន្តទស្សនៈនិងមនោគមវិជ្ជា «ជឿថាខ្មែរធ្វើបាន» ដើម្បីកសាងស្នាដៃសមិទ្ធិផល និងមោទនភាពជាតិ សម្រាប់គ្រួសារ សង្គម និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
សូមជម្រាបផងដែរថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
* លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
* បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
* ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។
ស្របជាមួយគ្នានោះដែរ ក្នុងកម្មវិធីការត្បាញក្រមា១,០០០ម៉ែត្រ នៅក្នុងទីតាំងសួនច្បារនៃវាលព្រះមេរុ នឹងមានកម្មវិធីអមជាច្រើនដូចជា កម្មវិធីសម្តែង ការចាក់បង្ហាញនូវខ្សែភាពយន្ត ពិព័រណ៍វត្ថុអនុស្សាវរីយ៍ និងផ្សារាត្រី នឹងត្រូវបានរៀបចំឡើងនៅទីតាំង ដើម្បីបង្កបរិយាកាសឲ្យកម្មវិធីកាន់តែសប្បាយរីករាយ និងទាក់ទាញបាននូវការចូលរួម ពីសំណាក់មហាជនឲ្យបានកាន់តែច្រើនកុះករ។
គួរបញ្ជាក់ផងដែរថា GoGoCambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើត ចេញ ពីឆន្ទៈកូន ខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិខ្មែរ និងបង្ហាញពីសក្តានុពលរបស់កម្ពុជា នៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ក៏ដូចជាមោទនភាពជាតិទៅដល់សហគមន៍អន្តរជាតិ។
ចំពោះប្រជាពលរដ្ឋដែលមានបំណងចូលរួមត្បាញក្រមា ដែលមានប្រវែងវែងជាងគេលើពិភព លោកអ្នកអាចទាក់ទងចុះឈ្មោះនៅទីតាំង វាលព្រះមេរុ ដោយផ្ទាល់ ឬក៏ចុះឈ្មោះតាមរយៈ គេហទំព័រផ្លូវការរបស់ GoGoCambodia (Website)៖ http://gogocambodia.asia/ ហើយសម្រាប់អ្នកមិនចេះ គឺមានក្រុមការងាររបស់ GoGoCambodia ចាំបង្រៀន ដោយពេលចេះហើយ បងប្អូន នឹងចូលត្បាញក្រមារនេះបានហើយ ។សម្រាប់ការចូលរួមត្បាញក្រមានេះ គឺដោយសេរី និងឥតគិតថ្លៃអ្វីឡើយ។
ចំពោះការចុះឈ្មោះជាអ្នកស័្មគ្រចិត្ត ឬជាអ្នកឧបត្ថម្ភ អាចធ្វើឡើងដោយការទាក់ទងផ្ទាល់ជាមួយក្រុមការងារ ឬគេហទំព័រផ្លូវការ (Website)៖ http://gogocambodia.asia/៕