(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាស់នៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ជារៀងរាល់យប់ថ្ងៃក្តី ជាក់ស្តែងនៅយប់មិញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១៩គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាស់ទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១៩គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៧គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន០១គ្រឿង និងរថយន្ត០១គ្រឿងផងដែរ។
បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ពេលឃាត់ម៉ូតូជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ ស្រាប់តែមានអ្នកបើកម៉ូតូស្រវឹងម្នាក់ បានរារាំងការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ច និងបបួលសមត្ថកិច្ចវ៉ៃគ្នាថែមទៀតផង។
ជាមួយគ្នានេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និងរថយន្តកែច្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុងផងដែរ។
ជាលទ្ធផល នៃការចុះត្រួតពិនិត្យនោះ បានធ្វើការឃាត់រថយន្តសរុបចំនួន៣៥គ្រឿងរួមមាន៖ រថយន្តធុនតូច (ដឹកសំពីងសំពោង) ចំនួន៣៥គ្រឿង (អប់រំណែនាំអោយត្រឡប់ទៅវិញ), រថយន្តធុនធំ សង្ស័យតទ្រុងចំនួន៨គ្រឿង (ក្រោយវាស់ជាក់ស្តែងឃើញថា ត្រឹមត្រូវតាមលក្ខណៈបច្ចេកកទេសរួចមក ក៏ឲ្យត្រឡប់ទៅវិញ) និងរថយន្តធុនធំបើកបរ នៅផ្លូវហាមឃាត់ចំនួន០៩គ្រឿង (អប់រំណែនាំឲ្យត្រឡប់ទៅវិញ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវឲ្យទំលាក់សំភារៈចុះ ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញផងដែរ៕