(កំពង់ចាម)៖ អគ្គិភ័យឆេះវាលស្បូវ និងត្រែង នៅចំណុចបឹងកុក ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាមមួយប្រាវធំ បណ្ដាលឲ្យប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ ភ័យព្រលឹងចុងសភ័យព្រលឹងចុងសក់គ្រប់គ្នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ភ្លើងបានឆេះយ៉ាងខ្លាំងរាលដាលពីកណ្តាលបឹង ដេញមកខាងដែលមានផ្ទះប្រជាពលរដ្ឋ តែដោយមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ទើបបានរលត់ទាំងស្រុង ដោយពុំមានប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋឡើយ។
យ៉ាងណាមិញ សម្រាប់ការអន្ដរាគមន៍ពីសំណាក់ កម្លាំងនគរបាលខេត្ត និងកម្លាំងរាជអាវុធហត្ថខេត្តនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៨គ្រឿង និងរថយន្តខេត្តត្បូងឃ្មុំ ២គ្រឿង ដោយប្រើទឹកអស់ចំនួន ៣០ឡានទើបពន្លត់ភ្លើងបានទាំងស្រុង។
ដោយឡែក សម្រាប់មូលហេតុវិញ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា បណ្ដាលមកពីក្មេងបង្កាត់ភ្លើងអាំងត្រី នៅកណ្តាលបឹង ហើយមិនបានពន្លត់ឲ្យបានត្រឹមត្រូវទើបបង្កជាគ្រោះថ្នាក់នេះតែម្ដង៕