(ភ្នំពេញ)៖ លោក អែដ វៃហ្សី បេសកជនពាណិជ្ជកម្មអង់គ្លេស បានកោតសរសើរ អំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលនឹកស្មានមិនដល់។ លោកក៏បានយល់ច្បាស់បន្ថែមទៀត អំពីទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ តាមរយៈការជួបជាមួយវិនិយោគិនចក្រភពអង់គ្លេស។
ការថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក អែដ វៃហ្សី បេសកជននាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក ពាណិជ្ជកម្មទើបតែងតាំងថ្មី ដោយបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅ ទៅលើកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស។
ក្នុងជំនួបដែលមិនមាននិយាយរឿងនយោបាយបន្ដិចណាសោះនោះ ពោលគឺមានតែការពិភាក្សាគ្នាអំពើរឿងវិនិយោគនោះ លោកបេសកជនពាណិជ្ជកម្មអង់គ្លេស បានកត់សម្គាល់លើវិស័យមួយចំនួនដែលមានសក្ដានុពលខ្ពស់ សម្រាប់ទាក់ទាញវិនិយោគិនអង់គ្លេសបន្ថែមទៀត រួមមានសុខាភិបាល កសិកម្ម ជាពិសេសម្រេច បច្ចេកវិទ្យា ទេសចរណ៍ និងសំណង់។
យ៉ាងណាមិញ ក្នុងជំនួបនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក អែដ វៃហ្សី មកកាន់កម្ពុជា ព្រមទាំងបានជម្រាបត្រួសៗ ពីស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស ដោយផ្ដោតលើការវិនិយោគមួយចំនួនក្នុងវិស័យសំណង់ សម្លៀកបំពាក់ ជាពិសេស Marks and Spencer ដែលបានបញ្ជាទិញក្នុងកម្រិតធំមួយពីរោងចក្រនៅកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីគោលបំណងមួយចំនួន របស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យរឹតតែប្រសើរថែមទៀត តាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស កិច្ចសហការបច្ចេកទេស និងការជំរុញឲ្យមានអ្នកវិនិយោគមកពីចក្រភពអង់គ្លេសបន្ថែមទៀត។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាការចង់បានរបស់កម្ពុជា ដោយយោងលើការចាកចេញ របស់ចក្រភពអង់គ្លេសពីសហគមន៍អឺរ៉ុប ដើម្បីធានាបានការអនុគ្រោះពន្ធគយនានា ដែលកម្ពុជាធ្លាប់ទទួលបានតាមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហគមន៍អឺរ៉ុប។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការបច្ចេកទេសវិញ លោករដ្ឋមន្ត្រី លើកឡើងពីវិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិច អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំពោះការវិនិយោគ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលស្ថិតនៅចំកណ្ដាលអាស៊ាន ដែលមានភាពងាយស្រួលក្នុងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសអាស៊ាន និងដៃគូដទៃទៀតក្នុងតំបន់ និងពិភពលោក។
លើសពីនេះបរិយាកាសធុរកិច្ចរបស់កម្ពុជា ជាពិសេសការអនុញ្ញាតឲ្យវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ១០០% ជាចំណុចទាក់ទាញផងដែរ។ ម្យ៉ាងវិញទៀត ដោយក្រុមហ៊ុនមកពីចក្រភពអង់គ្លេសមានជំនាញ ស្ដង់ដា និងបច្ចេកវិទ្យាខ្ពស់ នោះនឹងផ្ដល់ជូននូវផលចំណេញបន្ថែមទៀតសម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុក។ ជាមួយនោះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យមានការវិនិយោគលើវិស័យកម្មន្ដសាលកម្មធុនស្រាល និងការដំឡើងរថយន្តនៅកម្ពុជាផងដែរ។
ក្រោយស្តាប់ការរៀបរាប់ និងសំណើរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មហើយនោះ លោក អែធ វៃហ្សី បានទទួលយកការលើកឡើងរបស់លោករដ្ឋមន្ត្រី និងសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និតបន្តទៀតរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសនៅឆ្នាំ២០១៧កន្លងទៅមានជាង ១,០០០លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនេះ កម្ពុជានាំចូលទៅអង់គ្លេស ច្រើនជាងអង់គ្លេសនាំមកកម្ពុជាឮ។ ទំនិញដែលកម្ពុជា នាំទៅអង់គ្លេសជាទំនិញក្នុងវិស័យវេយណភណ្ឌមានដូចជាសម្លៀកបំពាក់ និងស្បែកជើង ចំណែកអង់គ្លេសនាំមកកម្ពុជា ដូចជារថយន្ត និងគ្រឿងអេឡិចត្រូនិចជាដើម៕