(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបរវាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយតំណាងស្ថាប័នមួយនៅកូរ៉េ ដែលជំនាញខាងវិស័យកសិកម្មដ៏ប៉ិនប្រសព្វ នាថ្ងៃទី១៣ ខែកុម្ភៈនេះ ភាគីកូរ៉េបានឯកភាពថា នឹងជួយពង្រឹងវិស័យកសិកម្មតាមបែបធម្មជាតិ នៅភូមិធម្មជាតិរុនតាឯក ដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានបញ្ជាក់ថា ស្ថាប័នដ៏ល្បីឈ្មោះនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ DURE នៅប្រទេសកូរ៉េ ដោយជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីដឹងពីលទ្ធភាពដែលស្ថាប័នទាំងពីរអាចនឹងបង្កើតកិច្ចសហការគ្នា នាពេលខាងមុខ លើការរៀបចំកសិកម្មធម្មជាតិនៅភូមិធម្មជាតិរុនតាឯក។
លោកថ្លែងយ៉ាងដូច្នេះថា «យើងមានគម្រោងកសិកម្មធម្មជាតិ ដែលស្របគ្នានឹងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ពួកគាត់ ដែលកំពុងធ្វើការផ្នែកកសិកម្មធម្មជាតិ នៅប្រទេសកូរ៉េ លើផ្ទៃដីជាង ១,៥០០ហិកតាដែរ។ ពួកគាត់មានជំនាញពិសេស ក្នុងការធ្វើឲ្យដីបង្កើនគុណភាពដោយខ្លួនឯង តាមរយៈការធ្វើដីឲ្យធូរជ្រៅទៅខាងក្រោម ដែលជាជំនួយដល់ការលូតលាស់ដំណាំកសិកម្ម ទទួលបានផលច្រើន ដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមី»។
គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័ស ក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ១០៣គ្រួសារហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម ១ហិកតា។ ផ្ទៃដីសរុបនៃភូមិនេះ មានចំនួន ១,០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀត នាពេលអនាគត។
ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រុមគម្រោងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យកសិកម្ម ដោយមិនប្រើប្រាស់សារធាតុគីមី។ គម្រោងនេះបានដំណើរការជាបណ្តើរៗ ដោយទទួលបានទាំងលទ្ធផលកសិកម្ម និងទីផ្សារនាំទៅក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងនេះក្តី ក្រុមគម្រោងក៏នៅតែរង់ចាំស្វាគមន៍រាល់គម្រោងសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីពង្រីកវិសាលភាពទីផ្សារឲ្យទូលំទូលាយ៕