(ពោធិ៍សាត់)៖ ថ្លែងចេញពីកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតក្នុងតំបន់ភ្នំបាយឃ្លះ ស្រុកក្រគរ ខេត្តពោធិសាត់ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ បន្តប្រពៃណី ស្នាដៃដ៍ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺន លើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាពខ្ពស់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅអនុវត្តន៍ការងារយោធា សន្តិសុខឆ្នាំ២០១៨ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លវការណ៍ នៅអាគារសិក្សា១ខ្នង ដែលជាអំណោយរបស់អង្គការ ស្ថាបនាសហគមកម្ពុជា នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយ ពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបំរើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា នាយ ពលទាហានទាំងអស់ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃកម្ពុជាឲ្យកាន់រឹងមាំ និងរីកចម្រើន។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសថ្នាក់ដឹកនាំ កងទ័ពជើងគោក បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ច សហការល្អរបស់នាយ ពលទាហាន គ្រប់កងឯកភាពចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ១៤ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃកម្ពុជាបានយ៉ាងរឹងមាំ។
ជាមូយពិធីនោះ នាយឧត្តមសេនីយ៍ មាស សុភា និងប្រធានអង្គការស្ថាបនាសហគមកម្ពុជា ព្រមទាំងមេបញ្ចាការកងពលតូចអន្ដរាគមន៍លេខ១៤ ក៏បានកាត់ខ្សែបូរណសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា១ខ្នង មាន៤បន្ទប់ផងដែរ។
សូមបញ្ជាក់ថា អាគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលជាអំណោយរបស់អង្គការសហគមកម្ពុជា មានបណ្តោយ៣២ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ តាមរចនាបទខ្មែរមាន៤បន្ទប់សិក្សា និង៤បន្ទប់បង្គន់អនាម័យ ដែលចំណាយអស់ថវិកាប្រមាណ ៤៥,០០០ដុល្លារអាមេរិក៕