(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ២២គីឡូម៉ែត្រ តភ្ជាប់ពីឃុំស្រែគរ ទៅឃុំតាឡាត ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ត ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិក្រឡាពុះ និងភូមិខ្សាច់ថ្មីធំ ឃុំតាឡាតចំនួន ៣១០នាក់ផងដែរ។
លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងឱកាសនោះ។ មានប្រសាសន៍ក្នុងឱកាសសំណេះសំណាលនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋត្រូវចំណាយថវិកាជាច្រើន ពេលវេលាយូរ និងត្រូវធ្វើដំណើរចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ទើបមកដល់ទីរួមខេត្ត។ ប៉ុន្តែនៅដើមខែមីនា ឆ្នាំ២០១៨ខាងមុខ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២២គីឡូម៉ែត្រនេះ នឹងត្រូវស្ថាបនារួចរាល់ជាស្ថាពរ ហើយបងប្អូននឹងចំណាយថវិកាតិច ចំណេញពេលវេលា ងាយស្រួលក្នុងការធ្វើដំណើរ និងជួយលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ប្រជាពលរដ្ឋទូទាំងស្រុកសេសាន ពិសេសប្រជាពលរដ្ឋនៅឃុំតាឡាត និងឃុំស្រែគរ បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕