(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០១៨នេះ ពោលមុនបុណ្យចូលឆ្នាំចិន-វៀតណាមមកដល់ មន្ទីររកសិកម្មខេត្តព្រៃវែង បានចុះត្រួតពិនិត្យទីសត្វឃាតដ្ឋាន នៅអ្នកលឿង ស្រុកពាមរក៍ ដើម្បីមើលពីគុណភាពសាច់សត្វ និងអនាម័យ។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា «បើយើងពិនិត្យឃើញសាច់សត្វដែលគ្មានគុណភាពល្អ ត្រូវយកទៅដុតបំផ្លាញចោល និងបានបន្តចុះត្រួតពិនិត្យអាជីវករលក់សាច់គោ ជ្រូក មាន់ នៅក្នុងផ្សារអ្នកលឿង ដើម្បីពិនិត្យសាច់ដែលបានដាក់លក់នោះ តើមានការបោះត្រាពីពេទ្យសត្វដែរឬទេ»។
លោក ចិន វិសាល បានបន្តទៀតថា សាច់ជ្រូកដែលមានការអូសត្រារួច គឺជាសាច់ដែលបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីពេទ្យសត្វដែលមានគុណភាពល្អ អាចអនុញ្ញាតឲ្យដាក់លក់បាន។ លោក វិសាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននិងទិញសាច់ត្រូវពិនិត្យមើលត្រា ដែលបានបោះនៅលើសាច់សិនមុននឹងទិញ យកទៅហូបទើបមិនប៉ះពាល់ដល់សុខភាព។
លោកបានណែនាំដល់អាជីវករលក់សាច់ជ្រូកទាំងអស់ ហាមលួចលាក់នាំយកសាច់ជ្រូកពីក្រៅ ដែលមានជម្ងឺមកបន្លំលក់នៅទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
នៅថ្ងៃដដែលនោះ លោកបានដឹកនាំកម្លាំង ចុះត្រួតពិនិត្យការដឹកជញ្ជូនសត្វ តាមផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំកំពង់សឹង ស្រុកព្រះស្តេច និងបានបាញ់ថ្នាំជីវសុវត្ថិភាព ទៅលើមធ្យោបាយដឹកជញ្ជូនសត្វ ពីបណ្តារស្រុកនានា ឬពីខេត្តដ៏ទៃឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់ទីផ្សារ រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កំពុងមានតម្រូវការ ខ្ពស់ដូចជា៖ មាន់ ជ្រូក គោជាដើម សម្រាប់សែនក្នុងពេលចូលឆ្នាំចិននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ ការបាញ់ថ្នាំក្នុងគោលបំណងការពារជម្ងឺឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស ជាពិសេសជម្ងឺផ្តាសាយបក្សី៕